ប្រធានមន្ទីរអប់រំខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មានមណ្ឌលប្រឡងចំនួន៨ មាន១៩៥បន្ទប់ បេក្ខជនសរុប៤៨៤៣នាក់ ប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែសីហា ឆ្នា២០២៥-- ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដល់សិស្សានុសិស្សទាំងអស់ថា បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណារាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង លោកស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ជុំសិរី គោលបំណងនៃការប្រឡងឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះការប្រឡងនេះ ដែលធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព មានន័យថា អ្នកចេះគឺជាប់ ដូចនេះក្មួយត្រូវយកអស់បញ្ញាស្មារតី បញ្ចេញអស់សមត្ថភាព ក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។ ការបង្ហាញហឹបវិញ្ញាសា ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្មួយៗទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសាប្រឡងឱ្យអស់ពីសមត្ថភាពព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុង នៅពេលប្រឡងឱ្យបានល្អ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយពេលប្រឡង។ ពិសេសជោគជ័យក្នុងការប្រឡង ស័ក្ដិសមជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កាប្រឡងបាក់ឌុបឆ្នាំសិក្សា២០២៤-២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-០៩ ខែសីហានេះ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រឡងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៩៥បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌល និងស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនចូលរួមចំនួន៤៨៤៣នាក់ ក្នុងនោះស្រីចំនួន២៨១៦នាក់។ ថ្នាក់វិទ្យាសាស្ត្រមាន១មណ្ឌល គឺមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រិត ក្រុងកំពង់ឆ្នាំង មានបេក្ខជនចំនួន៩៤១នាក់ ស្រី៦២៥នាក់។

លោកប្រធានមន្ទីរបានផ្ដាំផ្ញើដល់ក្មួយៗ បេក្ខជនប្រឡងទាំងអស់ ខិតខំយកចិត្តទុកដាក់ពង្រឹងស្មារតី យកអស់កម្លាំងកាយចិត្តបញ្ចេញបញ្ញាវាងវៃ ដើម្បីដណ្ដើមយកជោគជ័យឱ្យទល់តែបាន។ សូមក្មួយកុំបរិភោគនូវអាហារ ដែលមានផលប៉ះពាល់ ធ្វើឱ្យមានការរំខាននៅពេលប្រឡងរក្សាសុខភាព និងអានាម័យឱ្យបានល្អ៕
ដោយ បៃ ស៊ីថុន





