អ្នកនាំពាក្យក្រសួងការពារជាតិ៖ រហូតដល់ម៉ោង៤រសៀលថ្ងៃនេះកិច្ចប្រជុំរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កំពុងតែមានការពិភាក្សាគ្នានៅឡើយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ចាប់តាំងពីវេលាម៉ោង៩ និង២០នាទីព្រឹក រហូតដល់ម៉ោង៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះកិច្ចប្រជុំរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កំពុងតែមានការពិភាក្សាគ្នានៅឡើយ ហើយប្រសិនបើកិច្ចប្រជុំនេះមានការវិវឌ្ឍន៍ក្រសួងការពារជាតិនឹងធ្វើការជម្រាបជូននាពេលក្រោយ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ចំពោះកងកម្លាំងកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់យោធាថៃលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រម ព្រៀង ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបនេះ៕
ដោយ៖ ចាន់ សុភឿន





