អ្នកនាំពាក្យក្រសួងការបរទេស៖ កងកម្លាំងរបស់ថៃមានចេតនាពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល
AKP ភ្នំពេញ ថ្ងៃទី២៦ ខេសីហា ឆ្នាំ២០២៥ -- ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សកម្មភាពរំលោភរបស់កងកម្លាំងរបស់ថៃលើអធិបតេយ្យភាពរបស់កម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល។
ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យ ក្រសួងការបរទេសធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ការរំលោភនេះក៏អាចធ្វើឱ្យមានគ្រោះថ្នាក់បន្ថែមទៀតទៅដល់បទឈប់បាញ់កំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥នៅពុត្រាចាយ៉ាប្រទេសម៉ាឡេស៊ី។
លើសពីនេះទៅទៀតវាក៏ផ្ទុយស្រឡះពីស្មារតីនៃកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មកាធិការកិច្ចការព្រំដែនទូទៅនៅថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ដែលត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនតំបន់រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី និងត្រាតរបស់ថៃ។
សូមរម្លឹកជូនថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនលិខិតតវ៉ាទៅកាន់ភាគីថៃនៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៥។ ការតវ៉ាដ៏ខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការំលោភជាបន្តបន្ទាប់ដោយកងកម្លាំងរបស់ថៃចូលមកក្នុងទឹកដីរបស់កម្ពុជា។
នេះគឺជាការតវ៉ាលើកទី៣ បន្ទាប់ពីមានការតវ៉ាចំនួន២លើកមុននេះនៅថ្ងៃទី១៤ និងថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥។ការតវ៉ាលើកនេះបានគូសបញ្ជាក់ថា ទី១.នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤: ២០នាទីយោធាថៃបានបន្តដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះគឺជារំលោភថ្មីមួយទៀតរបស់យោធាថៃចូលមកក្នុងទឹកដីរបស់កម្ពុជា ហួសពីទីតាំងរបស់ពួកគេ៕
ដោយ៖ គង់ សិរីរ័ត្ន





