ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ជួបពិភាក្សាជាមួយប្រធានាធិបតីចិន និងលោកជំទាវ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) និងលោកជំទាវ ប៉េង លីយ័ន (Peng Liyuan) នៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ស៊ី ជីនពីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះមហាក្សត្រកម្ពុជាដែលបានយាងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀត និងបានស្វាគមន៍ព្រះករុណាព្រះមហាក្សត្រ ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
ឯកឧតឯកឧត្តមប្រធានាធិបតីចិនបានរំឮកអំពី ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមមកកម្ពុជា កាលពីខែមេសា និងបដិសណ្ឋារកិច្ចដែលឯកឧត្តមបានទទួលពីព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងចិន-កម្ពុជា បានទប់ទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពជាដែកថែប ដោយការចែករំលែកភាពសុខដុមរមនា ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ និងសមនឹងទទួលបានការស្រឡាញ់រាប់អានបន្ថែមទៀតពីភាគីទាំងពីរ។
ឯកឧត្តមបានបន្ថែមថា ដោយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលជាប់ពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូរ និងភាពវឹកវរ ប្រទេសចិន និងកម្ពុជាគួរតែឈរជាមួយគ្នាឱ្យកាន់តែរឹងមាំ បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាគ្រប់បរិយាកាសដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
ឯកឧត្តម ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រជាជនកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ពួកគេ ព្រមទាំងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសរបស់ពួកគេ។
ព្រះមហាក្សត្រ និងសម្តេចម៉ែ មានសេចក្តីសោមនស្សរីករាយដែលបានយាងទៅប្រទេសចិនម្តងទៀត ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្រ្គាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
ប្រជាជនចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពពិភពលោក ដែលសមនឹងត្រូវបានចងចាំជារៀងរហូត។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ភាគីទាំងពីរបានពិភាក្សាគ្មាអំពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការសម្រេចបានលទ្ធផលសំខាន់ៗក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ស៊ី មកកាន់ប្រទេសកម្ពុជាកាលពីខែមេសាកន្លងទៅ។
ព្រះអង្គមានព្រះរាជបន្ទូលថា កម្ពុជាតែងតែសម្លឹងមើលទៅលើទំនាក់ទំនងទ្វេភាគីតាមទស្សនៈយុទ្ធសាស្ត្រ ហើយខ្លួនមានឆន្ទៈក្នុងការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី និងរួមគ្នាកសាងសហគមន៍កម្ពុជា-ចិនគ្រប់បរិយាកាសដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕
ដោយ: យា ចិន្តាខន្តី





