មន្ទីរផែនការខេត្តកែបបើកវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់សៀវភៅចំណាត់ថ្នាក់ស្តង់ដាវិស័យសេដ្ឋកិច្ច និងមុខរបរកម្ពុជា
AKP កែប ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- មន្ទីរផែនការខេត្តកែបសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់សៀវភៅចំណាត់ថ្នាក់ស្តង់ដាមុខរបរកម្ពុជា (ច.ស.ម.ក) កំណែ១ និងសៀវភៅចំណាត់ថ្នាក់ស្តង់ដាវិស័យសេដ្ឋកិច្ចកម្ពុជា (ច.ស.វ.ក) កំណែ២ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុប៥០រូប រួមមានមន្ត្រីជំនាញមកពីមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពលោក ឃិន សុវលក្ខណ៍ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ។

លោក ឃិន សុវលក្ខណ៍ បានឱ្យដឹងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីស្ថិតិថ្នាក់ក្រោមជាតិ តាមរយៈការយល់ដឹងអំពីលេខកូដចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ច និង លេខកូដចំណាត់ថ្នាក់ស្តង់ដាមុខរបរកម្ពុជា ក៏ដូចជាការចែករំលែកបទពិសោធន៍ និងសមិទ្ធផលថ្មីៗ។ វគ្គនេះជាឱកាសសំខាន់សម្រាប់សិក្ខាកាមក្នុងការប្តូរចំណេះដឹង បង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តបានប្រសើរជាងមុន។

យ៉ាងណាវគ្គបណ្តុះបណ្ដាលនេះក៏បង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធស្ថិតិជាតិ និងធនធានមនុស្ស ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផែនការមេស្ថិតិជាតិ ២០២៤-២០២៨ ដោយផ្តោតលើគុណភាព ភាពត្រឹមត្រូវ ភាពទាន់ពេលវេលា និងភាពអាចទុកចិត្តបាននៃទិន្នន័យស្ថិតិ។


លោក ឃិន សុវលក្ខណ៍ បានសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ និងអាចអនុវត្តបានក្នុងការងារពិត ដើម្បីលើកស្ទួយប្រព័ន្ធស្ថិតិជាតិឱ្យមានប្រសិទ្ធភាព៕
ដោយ ប្រាក់ លាង





