ក្រសួងកសិកម្ម និងធនាគារ ជីប ម៉ុង ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាប ជូនសហគមន៍កសិកម្មទំនើប
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ -- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ដើម្បីរៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាប ជូនសហគមន៍កសិកម្មទំនើប សំដៅបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងការដាំដុះរបស់ប្រជាកសិករ។ ការចុះអនុស្សរណៈយោគយល់គ្នានេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ក្នុងបរិបទនៃបញ្ហាតម្លៃស្រូវបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាការត្រៀមកញ្ចប់ទុនកម្ចីនេះ នឹងជួយពុកម៉ែបងប្អូនប្រជាកសិករ ដែលបានរងផលប៉ះពាល់ផងដែរ ក្នុងការស្ដារឡើងវិញនៅរដូវក្រោយតាមរយៈការចូលរួមសហគមន៍កសិកម្មទំនើប ដើម្បីទទួលទុនកម្ចីនេះដែលកន្លងមកមានអត្រាការប្រាក់ទាបជាងការខ្ចីរៀងៗខ្លួននៅខាងក្រៅ ហើយក្នុងក្របខណ្ឌការបង្កបង្កើនផលក្នុងសហគមន៍ ការប្រមូលទិញជីថ្នាំនិងពូជរួមគ្នាគឺនឹងជួយកាត់បន្ថយចំណាយដើម។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង សម្រាប់ការឈានចូលក្នុងវិស័យកសិកម្មតាមរយៈកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាការជួយប្រមូលទិញកសិផលកន្លងមក និងចំណាប់អារម្មណ៍ទៅមុខក្នុងការវិនិយោគលើការកែច្នៃកសិផលក្នុងស្រុក ដែលនឹងជួយលើកស្ទួយភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា៕


ដោយ៖ មករា ប្រភព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ





