អគ្គលេខាធិការរងអាជ្ញាធរទន្លេសាបចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- លោក ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងក្រុមការងារ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ។

កិច្ចប្រជុំមានគោលបំណងធ្វើការផ្សព្វផ្សាយសេចក្ដីព្រាង និងលទ្ធផលបឋមរបាយការណ៍ ស្ដីពីការពិនិត្យផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងប្រមូលធាតុចូលផ្សេងៗទៀតពីអង្គប្រជុំ ដើម្បីដាក់ឱ្យអនុវត្តន៍នាពេលខាងមុខ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុកទាំង ៦ ជុំវិញខេត្តកំពង់ធំ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





