ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ អញ្ជើញដឹកនាំបើកកិច្ចប្រជុំគណៈកម្មការឆ្លើយតបបន្ទាន់ដើម្បីការពារសុខភាពប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ (គ.ស.ក.ថ)
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- គណៈកម្មការឆ្លើយតបបន្ទាន់ដើម្បីការពារសុខភាពប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ (គ.ស.ក.ថ) ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ.ស.ក.ថ នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធ Zoom កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។



ដំណើរការកិច្ចប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ ដើម្បីដកស្រង់នូវបទពិសោធន៍ពីលំហាត់សមយុទ្ធ ARDEX 25 ព្រមទាំងពិនិត្យលើវឌ្ឍនភាព ការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ដែលអនុគណៈកម្មការនីមួយៗបានដំណើរការរហូតមកដែលរួមមាន៖ ១- អនុគណៈកម្មការការពារ អប់រំសុខភាព និងផ្តល់ប្រឹក្សាគាំទ្រសុខភាពផ្លូវចិត្ត ២- អនុគណៈកម្មការសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន ៣- អនុគណៈកម្មការផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យ និងមធ្យោបាយអន្តរាគមន៍គាំទ្រ និង៤- លេខាធិការដ្ឋាននៃគណៈកម្មការ គ.ស.ក.ថ ដើម្បីឆ្លើយតបបន្ទាន់ក្នុងការការពារសុខភាពប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





