ក្រុមអ្នកសង្កេតការណ៍អន្តរជាតិចុះពិនិត្យករណីទាហានថៃរំលោភបំពានដីពលរដ្ឋខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥--ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៥ ប្រទេស ដែលដឹកនាំដោយលោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានចុះទៅពិនិត្យទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យនៅរសៀល ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥។

ការចុះនេះធ្វើឡើងបន្ទាប់ពីមានករណីទាហានថៃចូលមកហ៊ុមព័ទ្ធ និងរាយរបងលួសបន្លា យកដី និងផ្ទះរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារ។ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជា ការរងយោធភូមិភាគទី៥ បានពន្យល់ និងរៀបរាប់យ៉ាងលម្អិតអំពីហេតុការណ៍ដែលបានកើតឡើងដោយសារកងទ័ពថៃ។ ការរំលោភបំពាននេះបានបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារ និងផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា។

យោងតាមរបាយការណ៍ កងកម្លាំងយោធាថៃបានចូលមករាយរបងលួសបន្លានៅតំបន់ភូមិជោគជ័យ ដែលមានទីតាំងទល់មុខភូមិណងចាន់ នៃខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២:២០ រសៀល។ ក្រោយមកនៅម៉ោង ៣:១៤ នាទីរសៀល កងទ័ពថៃបានបន្តធ្វើសកម្មភាពរាយរបងលួសម្ដងទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកភូមិផ្សេងទៀតចេញមកទប់ស្កាត់យ៉ាងស្វិតស្វាញ រហូតដល់កងទ័ពថៃត្រូវដកថយយករបងលួសរបស់ខ្លួនត្រឡប់ទៅវិញ។


លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងនៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ ថា សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងការរំលោភបំពាននេះ គឺកើតចេញពីឆន្ទៈពិតប្រាកដក្នុងការស្រឡាញ់ទឹកដី និងការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់៕
ដោយ ៖ ឈុនសារ៉ាត





