លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Ms. Christine Arab នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ UN Women
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញជួបពិភាក្សាជាមួយលោកស្រី Ms. Christine Arab នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការUN Women (អង្គការសហប្រជាជាតិសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រ្តី) កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

កិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពការងារនៅក្នុងតំបន់ និងនៅកម្ពុជា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ តាមរយៈក្របខ័ណ្ឌអង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងបូក៣០ ដែលបានពិភាក្សា ក្នុងអំឡុងសម័យប្រជុំលើកទី៦៩ នៃគណៈកម្មាធិការស្តីពីស្ថានភាពស្រ្តី (CSW69) របស់អង្គការសហប្រជាជាតិ។

លោកជំទាវកិត្តិបណ្ឌិតបានចែករំលែកអំពីមេរៀនបទពិសោធន៍របស់កម្ពុជា និងការវិវឌ្ឍន៍ថ្មីនៅក្នុងតំបន់ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តី ជាពិសេសបញ្ជាក់អំពីភាពចាំបាច់ និងសេចក្តីត្រូវការ របស់កម្ពុជា លើសន្តិភាព។ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗ ទាំងកិច្ចអភិវឌ្ឍ និងការលើកកម្ពស់ស្ថានភាពស្រ្តីនៅកម្ពុជា និងនៅគ្រប់ទីកន្លែង។ កម្ពុជាមានការរីកចម្រើន ក្នុងការងារបញ្ជ្រាបយេនឌ័រ លើកកម្ពស់សិទ្ធិស្រ្តី ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងទប់ស្កាត់អំពើហិង្សាគ្រប់រូបភាពទាក់ទងនឹងយេនឌ័រជាដើម។

កិច្ចពិភាក្សាក៏បានកំណត់រកនូវកិច្ចការថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហការវាងក្រសួងកិច្ចការនារី និង UN Women ក្នុងការពន្លឿនបន្ថែមទៀត លើវិស័យអាទិភាពនានា ក្នុងការធ្វើបរិវត្តកម្មយេនឌ័រនៅកម្ពុជា។

លោកស្រីនាយកប្រចាំតំបន់នៃUN Women បានកត់សម្គាល់អំពីវឌ្ឍនភាព និងកិច្ចការលេចធ្លោរបស់កម្ពុជា ជាច្រើន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងនោះ លោកស្រី ក៏បានស្នើសុំឱ្យកម្ពុជា ចូលរួមចែករំលែកមេរៀនបទពិសោធន៍ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្រ្តី នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ លើកទី៨០ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
លោកជំទាវកិត្តិបណ្ឌិតបានយល់ព្រម យកសំណើនេះនឹងត្រៀមរៀបចំករណីសិក្សា និងមេរៀនពិសោធន៍កម្ពុជា ដើម្បីចែករំលែកនៅក្នុងព្រឹត្តិការណ៍ កំពូលរបស់អង្គការសហប្រជាជាតិនេះ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





