ឯកឧត្ដម គួច ចំរើន៖ ស្ថិតក្នុងសភាពការណ៍ដែលមានការឈ្លានពានរបស់ថៃ មិនគួរមានជនទុរយស និងចង្រៃដូច សម រង្ស៊ី មានសញ្ជាតិជាខ្មែរនោះទេ
AKP កណ្ដាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្ថិតក្នុងសភាពការណ៍ដែលមានការឈ្លានពានរបស់ថៃ មិនគួរមានជនទុរយស និងចង្រៃដូច សម រង្ស៊ី មានសញ្ជាតិជាខ្មែរនោះទេ ។ ការមានប្រសាសន៍ដូចនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រឡងស្នាដៃចម្លាក់ប្រាក់-ស្ពាន់ខ្មែរ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមប្រធានបទ "ជំនាញដូនតាក្រោមម្លប់សន្តិភាព" នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកពញាឮ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារតែអំណាច ប្រយោជន៍ផ្ទាល់ខ្លួន ជនទុរយស និងចង្រៃ សម រង្ស៊ី បានមើលងាយសមត្ថភាពរបស់វីរកងទ័ពយើង ហើយបែរជាសរសើរដល់កងទ័ពសត្រូវ ដែលឈ្លានពានទឹកដីប្រទេសយើងទៅវិញ ក្នុងគោលបំណងអោយកងទ័ពដ៏អង់អាចក្លាហានយើង បាក់ទឹកចិត្ត បាត់បង់ស្មារតី ស្របពេលដែលប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទូទាំងក្នុង និងក្រៅប្រទេស បានរួបរួមសាមគ្គីគ្នា ជឿជាក់ គាំទ្រដល់គ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តទៅដល់វីរកងទ័ពយើង ដែលកំពុងការពារសត្រូវ ពីសំណាក់ពួកចោរឈ្លានពាន នៅតាមបន្ទាត់ព្រំដែន ដ៏អង់អាចក្លាហានបំផុត តែបែរជាលើកទឹកចិត្តដល់សត្រូវទៅវិញ។ សង្គ្រាមឈ្លានពានទឹកដីជាមួយថៃ សង្គ្រាមនេះកើតចេញពីបញ្ហាជាតិនិយមជ្រុលរបស់ប្រជាជនសៀម និងព្រោះតែបញ្ហាវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន ពិសេសការប្រើប្រាស់ផែនទីដែលគូដោយឯកតោភាគី មិនមានការទទួលស្គាល់ពីប្រទេសកម្ពុជា និងអន្តរជាតិទ្បើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការជឿជាក់លើរាជរដ្ឋាភិបាល វីរកងទ័ព និងកងនគរបាលការពារព្រំដែនរបស់យើង ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





