ប្រជាពលរដ្ឋភូមិជោគជ័យតស៊ូជាមួយទាហានថៃដែលឈ្លានពានចូលដីខ្មែរ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥--ប្រជាពលរដ្ឋរាប់រយនាក់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរួមគ្នាបង្ហាញឆន្ទៈជាតិនិយមយ៉ាងមុតមាំដោយចេញមុខតតាំងជាមួយកងទ័ពថៃដែលព្យាយាមរំលោភបំពានដាក់របងបន្លាលួសចូលមកក្នុងដីកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ សកម្មភាពនេះបានបង្ហាញពីស្មារតី សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការការពារអធិបតេយ្យភាពជាតិ។ នៅវេលាម៉ោង៣រសៀលថ្ងៃកើតហេតុ ទាហានថៃមួយក្រុមធំប្រដាប់ដោយអាវុធពេញដៃបានចូលមកក្នុងភូមិជោគជ័យ ដើម្បីរាយបន្លាលួសព័ទ្ធយកដីចម្ការអំពៅរបស់ប្រជាពលរដ្ឋ។ ពួកគេថែមទាំងបានប្រើរថយន្តបំពងសំឡេងខ្លាំងៗ បង្កការរំខាន និងភាពតានតឹងដល់អ្នកភូមិ។

ទង្វើដ៏គឃ្លើននេះបានដាស់តឿនដល់ការក្រោកឈររបស់ប្រជាពលរដ្ឋខ្មែរ។ ពួកគេបានសម្រែកទាមទារយ៉ាងខ្លាំងៗថា “អ្នកឯងចេញទៅ នេះជាទឹកដីរបស់ខ្ញុំទេ!”។ ក្រោមការដឹកនាំពីអាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រជាពលរដ្ឋបានរួមគ្នាដេញកងទ័ពថៃចេញ និងរុះរើបន្លាលួសដែលបានរាយរួច។ ដោយឃើញការប្រឆាំងតបតយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ និងសមត្ថកិច្ច កងទ័ពថៃក៏បានដកថយហើយយកបន្លាលួសត្រឡប់ទៅវិញ។ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឈ្លានពានបន្ត ប្រជាពលរដ្ឋជាច្រើននាក់បានសម្រេចចិត្តបោះតង់ និងចងអង្រឹងសម្រាកយាមការការពារទឹកដីរបស់ខ្លួនពេញមួយយប់។

យោងតាមការបញ្ជាក់របស់អភិបាលស្រុកអូរជ្រៅ លោក កែវ តារារស្មី កន្លងមកទាហានថៃធ្លាប់បានចូលរំលោភបំពានរាយបន្លាលួសព័ទ្ធផ្ទះប្រជាពលរដ្ឋចំនួន៦គ្រួសារនៅភូមិជោគជ័យ និង៦គ្រួសារទៀតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់រួចមកហើយ។ ការប៉ុនប៉ងឈ្លានពានចុងក្រោយនេះធ្វើឡើងលើដីចម្ការអំពៅ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅភូមិជោគជ័យដែលទល់មុខនឹងភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ កងទ័ពថៃបានព្យាយាមរាយបន្លាលួសនៅម៉ោង១៤៖២០នាទីរសៀលថ្ងៃទី២៥ ខែសីហា ប៉ុន្តែត្រូវបានទប់ស្កាត់ដោយប្រជាពលរដ្ឋ និងសមត្ថកិច្ចយ៉ាងដាច់អហង្ការ។

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យភាគីថៃគោរពយ៉ាងពេញលេញនូវបទឈប់បាញ់ និងស្មារតីនៃកិច្ចព្រមព្រៀងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះចែងអំពីការមិនពង្រីកភូមិសាស្ត្រជម្លោះ និងជៀសវាងរាល់ទង្វើដែលអាចបង្កើនភាពតានតឹង។ កម្ពុជាក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា រាល់បញ្ហាជម្លោះព្រំដែនត្រូវតែដោះស្រាយតាមរយៈគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)៕
ដោយ ឈុន សារ៉ាត





