មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីគន្លងនៃព្រះពុទ្ធសាសនា
AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- ព្រះពុទ្ធវង្ស សុខ សុខភាព ព្រះរាជាគណ:ថ្នាក់ត្រី ប្រធានផ្នែកពុទ្ធិកបឋមសិក្សាទូទាំង បានបើកិច្ចប្រជុំនៅមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ស លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះមន្ត្រីសង្ឃខេត្ត និងសហការីគណខេត្តកំពង់ឆ្នាំង ជាច្រើនអង្គផងដែរ។

ក្នុងឱកាសនោះ ព្រះពុទ្ធវង្ស សុខ សុខភាព មានសង្ឃដីកាថា ប្រទេសជាតិយើងសុទ្ធសឹងជាអ្នកកាន់ព្រះពុទ្ធសាសនា ការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសជាតិ ក្រោមម្លប់នៃសុខសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូលរបស់យើង។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងសុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ តាំងពីក្រុងដល់ជនបទ ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាតិ សាសនា ព្រះមហាក្សត្រ។ ក្រៅពីនេះបានចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងផងដែរ។

ទន្ទឹមនឹងនេះ ព្រះពុទ្ធវង្សបានមានសង្ឃដីកាបន្តថា ធម្មការ និងសាសនា សមណសិស្សដែលត្រៀមប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ត្រូវខិតខំយកចិត្តទុកដាក់ គោរពបទវិន័យសាលា អ្នកចេះគឺជាប់ និងបន្តទៅយកសញ្ញាបត្រជាន់ខ្ពស់បន្តទៀត។ មន្ត្រីសង្ឃទាំងអស់ដែលមានគុណភាពធនធានមនុស្ស និងត្រូវជ្រើសរើស និងតែងតាំងព្រះមន្ត្រីសាលាក្រុង ខណ្ឌ ស្រុក ទូទាំងខេត្តមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើការដឹកនាំគ្រប់គ្រងបន្តទៀត ព្រោះថា រាជរដ្ឋាភិបាល បច្ចុប្បន្នត្រូវការវត្តមាន និងការចូលរួមទាំងសម្ភារ បញ្ញាញាណ ពីសំណាក់ព្រះតេជគណគ្រប់ព្រះអង្គ ដើម្បីរួមគ្នាកសាងកម្ពុជា ឱ្យក្លាយទៅជាសង្គមមួយគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិសេចក្តីថ្លៃថ្នូរ និងរួមចំណែកធ្វើឱ្យសង្គមជាតិមានភាពរឹងមាំប្រកប ដោយចំណេះដឹងមានសីលធម៌គុណធម៌ ចរិយាធម៌មានសាមគ្គីជាដើម។

ព្រះពុទ្ធវង្ស សុខ សុខភាព មានសង្ឃដីកាបញ្ជាក់ទៀតថា គ្រប់ជាតិសាសន៍ទាំងអស់មិនប្រកាន់និនាការ និងសាសនាផ្សេងៗដទៃទៀតឡើយសមនសិស្សអាចដាក់ពាក្យប្រឡងបានគ្រប់កម្រិត ស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ពីក្រសួង មន្ទីរអប់រំខេត្តដើម្បីបានសិទ្ធប្រឡង និងផ្សព្វផ្សាយការងារធម្មការនិងសាសនាជាមួយរដ្ឋបាលក្រុងស្រុក។ ស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្តដើម្បីត្រៀមរៀបចំការចុះបញ្ជីដីធ្លីវត្តអារាម និងរៀបចំប្លង់មេសម្រាប់វត្តនីមួយៗផងដែរ៕
ដោយ បៃ ស៊ីថុន





