កិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេសជាមួយគណៈអភិបាលរាជធានី-ខេត្ត ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានរៀបចំកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេសជាមួយអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៃរាជធានី-ខេត្តនីមួយៗ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ដោយឡែកបណ្តាខេត្តចំនួនទៀតនឹងត្រូវប្រជុំនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានី ខេត្ត ដើម្បីបង្ហាញពីយន្តការនៃការប្រឡង និងស្នើសុំកិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការសំណេរប្រព្រឹត្តទៅដោយភាពរលូន។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង។

សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០នាក់ ស្រី ៨១ ៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់ ស្រី ២៤ ៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២នាក់ ស្រី ៥៦ ៩២៣នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ចំពោះមណ្ឌលសំណេរមានចំនួនសរុប២៤១មណ្ឌល ត្រូវជា៥ ៩២៤បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានចំនួន៧២មណ្ឌល ត្រូវជា១ ៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៦៩មណ្ឌល ត្រូវជា៤ ២៦៩បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





