ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)
AKP ភ្នំពេញ ថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក David Ginting ប្រធានក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ។


ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក David Ginting និងគណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រយ៉ាងសកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) លើគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ដូចជាគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់និងមាននិរន្តរភាព(CAISAR) គម្រោងកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតនៅប្រទេសកម្ពុជា ជាដើម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។


ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងបានមានប្រសាសន៍បញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើការគ្រប់គ្រងធនធានទឹក ដើម្បីធានាសន្តិសុខទឹក ជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការអនុវត្តនូវយុទ្ធសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុង និងទីប្រជុំជននៅតាមបណ្តាខេត្តមួយចំនួន សំដៅកាត់បន្ថយជាអតិបរមានូវគ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី៕
ដោយ៖ ពេជ្រ សំអឿន,ប្រភព៖ក្រសួងធនធានទឹក





