រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំកិច្ចការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥--
នៅសាលប្រជុំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានរៀបចំកិច្ចប្រជុំ កិច្ចការងារសន្តិសុខ សុវត្ថិភាព និនិងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ។
កិច្ចប្រជុំក្រោមអធិបតីភាព របស់ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និងលោកជំទាវ វេជ្ជ. ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារ អ.ប.ព. ដោយមានចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំបានផ្តោតសំខាន់លើផែនការងារ សន្តិសុខសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡង ដោយធ្វើការណែនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និនិងសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌលប្រឡងទាំងមុន ទាំងក្រោយនិងពេលកំពុងដំណើរការប្រឡង ធ្វើយ៉ាងណា ត្រូវតែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អដោយអនុវត្តនូវគោលការណ៍សំខាន់ៗ រួមមាន:ការផ្អាកជាបណ្ណោះអាសន្នចំពោះទីតាំងអាជីកម្មថតចម្លង ឯកសារអុីនធឺណេត និងអាជីវកម្ម លក់សម្ភារសិក្សាគ្រប់ប្រភេទ។ ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានាដែលស្ថិតនៅក្នុង និងជុំវិញបរិវេណមណ្ឌលប្រឡង។ ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឫសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។


កិច្ចប្រជុំក៏បានធ្វើការណែនាំដល់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមការការ-ក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះ រួមនឹងការបាញ់ថ្នាំសម្លាប់មូស នៅគ្រប់មណ្ឌលប្រឡង ឲ្យបានមុន។ សម្រាប់ទោចក្រយានយន្ត កង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ជាអ្នកសម្របសម្រួល ជាកម្លាំងសន្តិសុខ មើលការខុសត្រូវ ទទួលផ្ញើមិនតម្រូវឱ្យបង់ប្រាក់ឡើយ និងចែកជូននូវទឹកបរិសុទ្ធ និងភេសជ្ជៈ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវឌ្ឍនៈ តាមរយៈ ឯកឧត្តម អភិបាលខេត្តកំពង់ចាម។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះខេត្តកំពង់ចាម មានបេក្ខជនបានដាក់ពាក្យ ប្រឡងមានចំនួនជាង ៩ពាន់នាក់ ដែលមាន១៥មណ្ឌលប្រឡង៕


ដោយ៖ ឆាយ ម៉ុត





