សាខាកាកបាទក្រហមខេត្តព្រះសីហនុបើកយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះក្នុងស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្រ្តីប្រតិបត្តិសាខា អ្នកស្មគ្រ័ចិត្ត និងអាជ្ញាធរមូលដ្ឋានដោយមានការសហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែតនៅស្រុកព្រៃនប់ចំនួន២ថ្ងៃ គឺចាប់ពីទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមឃុំទាំង១០ នៃស្រុកព្រៃនប់ ថ្ងៃនាចន្ទទី២៥ ខែសីហា ឆ្នាំ២០២៥។
លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងថា យុទ្ធនាការចុះដាក់ថ្នាំអាល់ប៊ែតនេះមានគោលបំណងដើម្បីការពារ បង្ការជំងឺគ្រុនឈាម និងជំងឺឈឺគគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅថាជំងឺគ្រុនឈីក ព្រោះវាអាចឆ្លងតាមរយៈមូសខ្លាញីខាំ ដូច្នេះយើងត្រូវរួមគ្នាកំចាត់មូសខ្លា ដោយការដាក់អាល់ប៊ែតគ្រប់ធុង ពាង អាង នៅតាមខ្នងផ្ទះ។ ទន្ទឹមនោះ មន្ត្រី និងអ្នកស្ម័គ្រចិត្តក៏បានប្រើខិតប័ណ្ណជូនដល់ប្រជាពលរដ្ឋផងដែរ ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិ ក្នុងស្រុកព្រៃនប់ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹង និងចូលរួមដូចជា៖


១. កម្ចាត់ដង្កូវទឹកមូសខ្លា និងធានាថាមិនមានដង្កូវទឹកនៅក្នុងបរិវេណផ្ទះ តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដែលដក់ទឹកមានដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណផ្ទះ ត្រូវលាងសម្អាតសម្ភារ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹកឱ្យបានពីរដងក្នុងមួយសប្ដាហ៍ ដោយដាក់ថ្នាំអាបែត ចិញ្ចឹកត្រីប្រាំពីរពណ៌ ឬគ្របឱ្យបានត្រឹមត្រូវ ។ល។២. ត្រូវកម្ចាត់សត្វមូសខ្លាតាមរយៈរៀបចំសម្ភារៈក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបដែលនៅជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូសជាដើម។ ៣. ត្រូវការពារខ្លួនកុំឱ្យមូសខ្លាញីខាំតាមរយៈការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ៤. ក្នុងករណីជំងឺគ្រុនឈាម និងគ្រុនឈីក ចម្លងបងប្អូន ឬកូនចៅរបស់យើង ត្រូវរួសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុតដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់របស់អស់លោក លោកស្រីមានសញ្ញាជំងឺដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀតមានដូចជា មុខឡើងក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬឈឺសន្លាក់ ឈឺខ្លួន មានស្នាមកន្ទួលក្រហមជាដើម។


លោកក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើមានករណីសង្ស័យជំងឺគ្រុន ឈាម និងគ្រុនឈីក មិនត្រូវសាក ល្បងព្យាបាលដោយខ្លួនឯងនោះទេ ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែនជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណាដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាម និងគ្រុនឈីកឡើយ ប្រសិនបើបងប្អូនចូលរួមការពារ និងកំចាត់មូសខ្លាញីបាន ក្រុមគ្រួសាររបស់បងប្អូននឹងមានសុខភាពល្អចៀសផុតពីជំងឺគ្រុនឈាម គ្រុនឈីក៕
ដោយ ងូ សុមុនី





