អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថ្ងៃស្អែកនេះ នឹងមានកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិកម្ពុជា ថៃ(RBC) នៅខេត្តប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ដោយផ្អែកលើការវិវត្តជាវិជ្ជមានកន្លងមកនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថ្ងៃស្អែកនេះ នឹងមានកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិកម្ពុជា ថៃ(RBC)រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី ត្រាតរបស់ថៃ។

ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងបន្ថែមថា លើកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិកម្ពុជា ថៃ(RBC) ដែលប្រព្រឹត្តិទៅនៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា«កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានថ្មីបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរ អាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញសំដៅនាំមកនូវសន្តិភាព ស្ថេរភាពនិងការវិលត្រឡប់មកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់រហ័ស»៕
ដោយ៖ គង់ សិរីរ័ត្ន





