សហព័ន្ធកាយវប្បកម្មបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស មុនដឹកនាំការប្រកួតជើងឯកថ្នាក់ជាតិ នាខែតុលាខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានបើករៀបចំវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីត្រៀមដឹកនាំការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលគ្រោងធ្វើឡើង នាដើមខែតុលា ឆ្នាំ២០២៥។

លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានលើកឡើងថា វគ្គនេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការសហព័ន្ធនៅក្លឹបរ៉ាវី អេមី ជីម សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយវគ្គនេះធ្វើឡើងដោយប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥របស់ខ្លួន សហព័ន្ធបានបើកវគ្គបណ្តុះបណ្តាលគណៈកម្មការ បច្ចេកទេសរៀបចំការប្រកួត និងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀតដល់មន្រ្តីបច្ចេកទេសរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រម មុនការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលគ្រោងដើមខែតុលា ឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីអគ្គលេខាធិកាបន្តថា វគ្គនេះពិតជាសំខាន់ណាស់ សម្រាប់មន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធ ដោយសាររៀនចប់ពួកគាត់អាចអនុវត្តការងារក្នុងការប្រកួតជើងឯកប្រចាំឆ្នាំប្រកបប្រសិទ្ធភាពខ្ពស់។ វគ្គនេះរៀនរយៈពេល ៤ ថ្ងៃរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីព្រោះមន្រ្តីមួយចំនួនជាប់រវល់ការងារផ្ទាល់ខ្លួន ទើបសហព័ន្ធជ្រើសរើសរៀនតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ អាជ្ញាកណ្តាល និងចៅក្រមទំាងអស់គាត់បានយល់កាន់ច្បាស់ពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា «ដូពីង» ដោយសារពួកគាត់ធ្លាប់បានរៀនវគ្គនេះជាមួយ លោក ព្រំ វណ្ណារឿន អនុប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA)។

អគ្គលេខាធិការលើកឡើងថា លោក ព្រំ វណ្ណារឿន ធ្លាប់កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដែលបានអញ្ជើញរូបលោកមកបង្រៀនអំពីច្បាប់ហាមឃាត់ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូពីង ដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ កីឡាការិនីរបស់លោក ពីព្រោះថា មន្រ្តី គ្រូបង្វឹក និងកីឡាករ កីឡាការិនីទំាងអស់ត្រូវយល់ដឹងឱ្យកាន់តែច្បាស់ ដើម្បីជៀសវាងការប្រើប្រាស់ និងផលប៉ះពាល់ ដែលកើតចេញពីដូពីង ដែលត្រូវបានហាមប្រាណជាសកល៕
ដោយ ហេង ណាលីន





