អាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវ វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី នៅស្រុកមង្គលបូរី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
លោក ណៅ ណាតា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វេីអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទស្ថិតក្នុងភូមិសាស្រ្តឃុំប្រាសាទ ឃុំភ្នំលៀប ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទតំបន់ទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៣សំខាន់ ទី១ សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗទី២ សិក្សាចរន្ត និងតម្លៃទីផ្សារតាមតំបន់នីមួយៗ និងទី៣ សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ។

ការចុះសិក្សានេះ ក្រុមការងារបានធ្វើការចុះ ជួបជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ សម្ភាសន៍ជាមួយប្រជានេសាទ និងសម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី៕
ដោយ ៖ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





