លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវីអញ្ជើញចូលរួមក្នុង កម្មវិធី “ការស្វែងយល់អំពីសេវាថែទាំសុខភាពស្រ្តីនៅប្រទេសម៉ាឡេស៊ី-Navigating Women’s Healthcare in Malaysia”
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥--
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “Navigating Women’s Healthcare in Malaysia” នៅសណ្ឋាគារ Shangri-La Hotel Phnom Penh កាលពីរសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដែលសម្រេចបាននៃសេវាសុខាភិបាល និងការព្យាបាលអ្នកជំងឺនៅប្រទេសម៉ាឡេស៊ី និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងក្រុមហ៊ុន Malaysia Healthcare Travel Council ដែលបានលើកយក ប្រធានបទស្តីអំពី សុខភាព និងសុខុមាលភាពរបស់ស្ត្រី ដ៏មានសារៈសំខាន់និងមានការយកចិត្តទុកដាក់ខ្ពស់នៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានលើកឡើងថា សុខភាពស្ត្រីជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពគ្រួសារ សហគមន៍ និងវឌ្ឍនភាពជាតិ រួមទាំងជាកម្លាំងចលករក្នុងការសម្រេចបានសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព ការថែទាំសុខភាពរបស់ស្ត្រី មិនមែនជាកាតព្វកិច្ចរបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែត្រូវតែមានការចូលរួមពីសង្គមទាំងមូល រួមមានរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍនានាផងដែរ។ កម្ពុជាមើលឃើញពីសក្តានុពល លើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយម៉ាឡេស៊ី ក្នុងការលើកកម្ពស់សុខុមាលភាពស្ត្រី តាមរយៈការផ្តល់ជូនសេវាប្រឹក្សាយោបល់ផ្នែកសុខភាព សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដូចជាTelemedicine និងការផលិតមាតិកាអប់រំស្តីពីសុខភាព យុទ្ធនាការស្តីពីសុខភាព រួមទាំងការផ្លាស់ប្តូរបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រជាដើម។

លោកជំទាវបានបន្ថែមទៀតថា ការពង្រឹងសុខភាពស្ត្រី មិនត្រឹមតែជាចំណុចអាទិភាពសម្រាប់ក្នុងការយកចិត្តទុកដាក់លើសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគសម្រាប់អនាគតរបស់យើងគ្រប់គ្នា «នៅពេលស្ត្រីមានសុខភាពល្អ កូនៗក៏មានសុខភាពល្អ គ្រួសារកាន់តែរឹងមាំ និងសង្គមកាន់តែមានភាពរីកចម្រើន»។

ឯកឧត្តម SHAHARUDDIN ONN ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានថ្លែងថា ម៉ាឡេស៊ីនឹងប្តេជ្ញាចិត្តរួមគ្នា ជាមួយកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពស្ត្រីតាមរយៈការផ្តល់ជូននូវសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនស្ត្រីតាមបែបវេជ្ជសាស្រ្ដទំនើប និងបច្ចេកវិទ្យាខ្ពស់នៅប្រទេសម៉ាឡេស៊ី។ ការផ្តល់ជូនសេវាសុខាភិបាលនេះ គឺអាចធ្វើឡើងតាមរយៈប្រព័ន្ធសុខាភិបាលរបស់ម៉ាឡេស៊ី ដែលមាន តម្លៃសមរម្យ បរិក្ខារទំនើប និងវេជ្ជបណ្ឌិតជំនាញដែលទទួលបានការបណ្តុះបណ្តាលនៅតាមអន្តរជាតិលើជំនាញនៃការព្យាបាលជំងឺពិបាកមានកូននិងការធ្វើតេស្តហ្សែន ការពិនិត្យរកជំងឺមហារីកសុដន់ ជំងឺមហារីកមាត់ស្បូន ជំងឺរោគស្ត្រី ការថែទាំសុខភាពមាតា និងទារក និងការតាមដានសុខភាពក្រោយការព្យាបាល ដើម្បីធានាថាស្ត្រីទទួលបានការព្យាបាលជំងឺដ៏ត្រឹមត្រូវ វេជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ និងទាន់ពេលវេលា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





