កូនឈើចម្រុះចំនួន៥,៧៣០ដើមត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃ
AKP សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា នៅតែបន្តចែកចាយកូនឈើចំរុះដោយឥតគិតថ្លៃ និងទៅតាមតម្រូវការជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។


យោងតាមរបាយការណ៍ពត៌មានរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ជូននារសៀលថ្ងៃ១២រោចខែស្រាពណ៍ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ខែសីហាឆ្នាំ២០២៥នេះថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ គេបានផ្តល់ជូនកូនឈើចំរុះចំនួន៥ ៧៣០ដើម ជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្រ្តីយោធា រដ្ឋបាលក្រុងរុនតាឯកតេជោសែន រដ្ឋបាលឃុំបាគង រដ្ឋបាលព្រៃឈើបន្ទាយមានជ័យ រដ្ឋបាលព្រៃឈើប្រាសាទបាគង ព្រមទាំងដាំនៅតាមបរិវេណប្រាង្គបា្រសាទនានាក្នុងតំបន់អង្គរ។ រីឯកូនឈើទាំងនោះរួមមាន ធ្នង់ បេង ក្ងោក ដើមចារ រាំងទឹក គគីរ ដើមយាង ឬឈើទាល កកោះ គ្រញូង ច្រេស ជើងគោ ស្រឡៅ ចាមរី រំដួល និងកូនផ្តៀក៕


ដោយ ហង្ស សៀក





