មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរាប្រមាណ១០០នាក់ ចូលរួមសិក្ខាសាលាផ្ទៃក្នុងស្តីពីអង្គរ និងបរិស្ថាន ISO 14001
AKP សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានបើកសិក្ខាសាលាផ្ទៃក្នុង ស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីថែរក្សាតំបន់អង្គរ សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស ដែលបានធ្វើឡើងនៅស្នាក់ការកណ្ដាលអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្រ្តី បុគ្គលិក ភ្នាក់ងារទេសចរណ៍ និងសណ្ដាប់ធ្នាប់សរុបជិត១០០នាក់។

មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលានោះ ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាន បានថ្លែងថា នេះជាលើកទី៣ហើយសម្រាប់ឆ្នាំ២០២៥ ដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានបានរៀបចំសិក្ខាសាលានេះឡើង ដែលមួយឆ្នាំមានចំនួន៤ដង។


ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដែលមន្រ្តី បុគ្គលិក និងភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរាដែលធ្វើការជាប់ជាប្រចាំនៅក្នុង តំបន់រមណីយដ្ឋានអង្គរត្រូវយល់ដឹងពីការងារផ្សេងៗ ពិសេសផ្នែកបរិស្ថានដើម្បីរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្សឱ្យបានល្អប្រសើរ។ ហើយនៅក្នុងសិក្ខាសាលានោះដែរ ក៏មានការធ្វើបទបង្ហាញពីតំណាងនាយកដ្ឋានចំនួនពីរពោលគឺ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌ និងនាយកដ្ឋានសណ្ដាប់ធ្នាប់៕


ដោយ ហង្ស សៀក





