អ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៥ប្រទេស កំពុងបន្តបំពេញបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥–អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងថា៖ សភាពការណ៍តាមបណ្ដោយព្រំដែនជួរមុខកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា ។ព្រមជាមួយគ្នានេះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៥ប្រទេស កំពុងបន្តបំពេញបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបាន បន្តអំពាវនាវឱ្យភាគីថៃបញ្ចូនកងកម្លាំងទាំង ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗមកកម្ពុជាវិញ ស្របតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងច្បាប់អន្តរជាតិ ដោយគិតមកដល់ពេលនេះមានរយៈពេល ២៣ថ្ងៃមកហើយ៕

ដោយ៖មករា





