អភិបាលខេត្តកំពង់ចាមប្រគល់ម៉ូតូ១០០គ្រឿងជូនកងពលធំអន្តរាគមន៍លេខ៣
AKP កំពង់ចាម ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- នៅសាលាខេត្តកំកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់ និងទទួលម៉ូតូចំនួន១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។

ថ្លែងក្នុងពិធីប្រគល់ និងទទួល លោក ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំលេខ៣ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឱ្យដឹងថា ក្នុងនាមឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តម ខ្លូត ផន ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿងដល់កងកម្លាំងជួរមុខ សម្រាប់យកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។

លោកមេបញ្ជាការរងកងពលធំលេខ៣បានមានប្រសាសន៍បន្ថែមទៀតថា ជាការពិតណាស់សមរភូមិមុខត្រូវតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ក្រោយពេលទទួលម៉ូតូ លោកនឹងយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសម្ភារផ្សេងៗឡើងលើភ្នំ មិនពិបាកដូចពេលមុនទៀតនោះទេ។ ក្នុងនាមមេបញ្ជាការសូមផ្ដេជ្ញាចិត្តការពារមរណភាពទឹកដីទប់ទល់មិនឱ្យទ៏ពសៀមទន្ទ្រានយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តបានចលនាសប្បុរសជន ដោយបានយកអំណោយទៅជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ជាមួយនោះក៏បានចែកចំណោយដល់កងកម្លាំងជួរមុខទៀតផង។ មានសប្បុរសជនគ្រប់ទិសទីបានបង្កើតកម្លាំងមហាសាមគ្គីបរិច្ចាគធនធានផ្ទាល់ខ្លួនយកទៅចែកជូនដល់អ្នកភៀសសឹក ព្រមទាំងកម្លាំងប្រដាប់អាវុធជួរមុខធ្វើឱ្យពួកគាត់មានកម្លាំងចិត្តពុះពារតស៊ូក្រាញននៀលទប់ទល់មិនឱ្យមានការឈ្លានពានពីសំណាក់ទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជា៕
ដោយ ឆាយ ម៉ុត





