ប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជួរមុខទិសខេត្តកោះកុង
AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ អមដំណើរដោយមន្ត្រីរាជការរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងទាំងបី បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ផ្ដល់ជូនកងទ័ពជួរមុខទិសខាងកោះកុង ដែលបាន និងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការប្រគល់ជូននេះបានប្រព្រឹត្តឡើងនៅទីតាំងទីបញ្ជាការជួរមុខរបស់យោធភូមិភាគទី៣ នៅកោះកុង ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានថ្លែងថា សមរភូមិក្រោយតែងតែខ្វល់ខ្វាយ និងគាំទ្រដល់សមរភូមិមុខជាប់ជានិច្ច ចំពោះស្មារតីលះបង់ និងឆន្ទៈខ្ពស់របស់វីរយុទ្ធជនយើងក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពានបូរណភាពទឹកដីខ្មែរ។ យើងពិតជាមានមោទកភាពចំពោះវីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។


ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានិងមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់ទំនុកបម្រុងដល់កងទ័ពជួរមុខកម្ពុជាយើង៕
ដោយ លឹម សាន្ត





