រដ្ឋបាលខេត្តកំពង់ចាមបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍លទ្ធផលនៃអង្កេតនវានុវត្តន៍ខេត្តកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- នៅសាលប្រជុំ មន្ទីរផែនការខេត្តកំពង់ចាម ២១ ខែសីហា ឆ្នាំ២០២៥ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍លទ្ធផលនៃអង្កេតនវានុវត្តន៍ខេត្តកំពង់ចាម ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមការចូលរួមពីលោកប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍លទ្ធផលនៃអង្កេតនវានុវត្តន៍ខេត្តកំពង់ចាមឆ្នាំ២០២៣ ពិតជាមានសារសំខាន់ណាស់ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតអំពីទិន្នន័យស្ថិតិនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅខេត្តប្រកប ដោយប្រសិទ្ធភាព។ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់ប្រទេសជាតិ ក្នុងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោកកាន់តែខ្លាំង បានជំរុញឱ្យយើងត្រូវខិតខំអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រេចបាននូវតម្រូវការអភិវឌ្ឍស្របទៅនឹងគោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ សំដៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ទទួលបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់សំដៅ សម្រេចបាន កម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីបង្ហាញអំពីរបកគំហើញសំខាន់ៗពាក់ព័ន្ធនឹងទិន្នន័យស្ថិតិនវានុវត្តន៍នៅកម្រិតថ្នាក់ខេត្ត ដែលបានពីការធ្វើអង្កេតសំណាកតំរូលើអង្គភាពសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ចាម បានជាមូលដ្ឋាន អំពីទិន្នន័យធាតុផ្សំក្នុងការចូលគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគខេត្ត។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាប្រទេសមានចំណូលខ្ពស់ ឈរលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលមានគន្លឹះចំនួន៥ គឹមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាគន្លឹះអាទិភាពក្នុងកំណើនសេដ្ឋកិច្ចជាតិ៕
ដោយ ឆាយ ម៉ុត





