ឯកឧត្តម សោម ស៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងការកសាងពង្រីកសមាជិកបក្សថ្មីនៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងពង្រឹង និងការងារកសាងពង្រីកសមាជិកបក្សថ្មី ស្របតាមសន្ទុស្សន៍ដែលបានកំណត់ ដោយមានការចូលរួមពីក្រុមការងាររបស់គណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំគណបក្សស្រុក ប្រធានគណបក្សឃុំ និងការីកុំព្យូទ័រថ្នាក់ស្រុក ឃុំ គ្រប់ឃុំ ចូលរួមផងដែរ។

លោក តាន់ ម៉េងឆិះ សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក តំណាងឱ្យលោក ស៊ិន វណ្ណវុឌ្ឍ ប្រធានគណបក្សស្រុកសណ្ដាន់ បានឡើងធ្វើរបាយការណ៍ស្ដីអំពីសភាពការណ៍ទូទៅរបស់គណបក្ស ការងារគ្រប់គ្រង និងការកសាងពង្រីកសមាជិកគណបក្សថ្មីតាមសន្ទស្សន៍ ដែលថ្នាក់លើបានកំណត់ ដោយបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ដេីម្បីពិភាក្សា នឹងត្រូវរួមគ្នាដោះស្រាយបន្ត ។
ក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្ត។ ឯកឧត្តមបានកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ សាខាបក្សភូមិ រួមជាមួយក្រុមការងារពីថ្នាក់ខេត្ត ស្រុក រហូតទៅដល់ថ្នាក់មូលដ្ឋាន ដែលបានខិតខំរួមគ្នាបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំរបស់គណបក្សគ្រប់លំដាប់ថ្នាក់បានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យនាពេលកន្លងទៅ។

ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ០០២របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះដ្ឋានខេត្តកំពង់ធំ ដោយបានគូសបញ្ជាក់នូវស្នាដៃនិងសមិទ្ធិផលធំៗមួយចំនួន ដែលក្រុមការងាររបស់គណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានខេត្ត ស្រុកឃុំ រួមជាមួយថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានសម្រេចបានក្នុងរយៈពេលកន្លងទៅ ដែលជាមោទនភាពនិងជាសមិទ្ធិផលរបស់ប្រជាជននៅខេត្តកំពង់ធំ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ជូនអំពីផែនការរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ មានជាអាទិ៍៖ ទី១. ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយ នូវរាល់ការលំបាកនានារបស់ប្រជាពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានពីពួកចោរសៀមនឹងត្រូវសម្របសម្រួលដោះស្រាយការលំបាក ព្រមទាំងសម្របសម្រួលរកការងារជូនប្រជាពលករ ដែលបានចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃវិញឱ្យមានការងារធ្វើគ្រប់ៗគ្នានិងមានចំណូលសមរម្យ ។ ទី២ .ត្រូវប្ដេជ្ញាចិត្តឱ្យបានដាច់ខាតក្នុងការកសាង និងពង្រីកសមាជិកបក្សឱ្យបាន៧៥%យ៉ាងតិចនៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទី៣. ត្រូវសាមគ្គីឯកភាពគ្នាជាធ្លុងមួយគាំទ្រដល់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងលើកតម្កើងសេដ្ឋកិច្ចជាតិកម្ពុជា ដោយមិនត្រូវប្រើប្រាស់នូវរាល់ផលិតផល ឬទំនិញដែលផលិតដោយសត្រូវឃ្លានពានកម្ពុជាជាដាច់ខាត៕
ដោយ ស៊ុម វណ្ណា





