អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញរៀបចំផែនការជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រឆ្នាំ២០២៦
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី «ការរៀបចំផែនការជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងខ្នាតមធ្យម ឆ្នាំ២០២៦» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងកិច្ចប្រជុំ លោក ឈឿន ក្រៃយ៉ុង បានលើកឡើងពីសារៈសំខាន់នៃការរៀបចំផែនការនេះ ដើម្បីធានាថាប្រព័ន្ធធារាសាស្ត្រនៅទូទាំងខេត្ត អាចដំណើរការបានល្អប្រសើរ និងជួយដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា ការជួសជុល និងថែទាំប្រព័ន្ធទាំងនេះ មិនត្រឹមតែជួយផ្គត់ផ្គង់ទឹកសម្រាប់ដីស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបង្កើនទិន្នផលកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋផងដែរ។

លោកអភិបាលរងក៏បានណែនាំដល់ក្រុមការងារជំនាញឱ្យពិនិត្យមើល និងវាយតម្លៃឡើងវិញនូវស្ថានភាពជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រនានា ដើម្បីកំណត់ទីតាំងដែលចាំបាច់ត្រូវជួសជុលជាអាទិភាព។ ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យការអនុវត្តផែនការមានប្រសិទ្ធភាព និងទាន់ពេលវេលា។

សូមជម្រាបថាកិច្ចប្រជុំបានបញ្ចប់ទៅដោយលទ្ធផលល្អប្រសើរ និងការឯកភាពគ្នាក្នុងការរៀបចំផែនការលម្អិតសម្រាប់អនុវត្តន៍នៅឆ្នាំ២០២៦ ខាងមុខនេះ។ ផែនការនេះរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធធារាសាស្ត្រ និងធានាបាននូវការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពនៅទូទាំងខេត្តបន្ទាយមានជ័យ៕
ដោយ ឈុន សារ៉ាត





