អភិបាលខេត្តស្វាយរៀង៖ ការគ្រប់គ្រងអាងទន្លេប្រកបដោយប្រសិទ្ធភាព និងចីរភាពនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារធនធានទឹក ការអភិរក្ស និងការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងថា ការគ្រប់គ្រងអាងទន្លេប្រកបដោយប្រសិទ្ធភាព និងចីរភាពនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារធនធានទឹក ការអភិរក្ស និងការអភិវឌ្ឍ ដែលធានាបាននូវអត្ថប្រយោជន៍រួមដល់ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងសង្គម-សេដ្ឋកិច្ច ជាពិសេសជាវិធានការជួយថែរក្សាការពារឱ្យបានគង់វង្សនូវទ្រព្យសម្បត្តិរដ្ឋ និងទប់ស្កាត់បាននូវការរំលោភបំពាននានា។ ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេនៅក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ប៉េង ពោធិ៍សា បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ ក្នុងចំណោមអាងទឹកតូច ធំក្នុងខេត្តស្វាយរៀងចំនួន៣២កន្លែង ខេត្តបានប្រជុំសម្រេចចំនួន៨កន្លែង ក្នុងនោះ អាងទឹកវ៉ៃគោ និងអាងទឹកត្រដែតបានដាក់សំណើសុំចុះបញ្ជីរួចហើយ និង៦កន្លែងផ្សេងទៀតក៏កំពុងពន្លឿននីតិវិធី រួមមាន អាងទឹកព្រែកនៀល អូរស្មាច់ ដូនទយ ធ្លកកំបុត ស្វាយយា និងអាងទឹកបាធូ។

ឯកឧត្តមបានបញ្ជាក់ថា ការងារគ្រប់គ្រងអាងទន្លេគឺទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់អង្គភាពពាក់ព័ន្ធជាអន្តរវិស័យ និងអន្តរស្ថាប័ន ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការសម្របសម្រួលធានាដល់ការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ ហើយរឹតតែពិសេសថែមទៀត ដើម្បីគាំទ្រការងារទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាអ្នកអនុវត្តផ្ទាល់ចាំបាច់ណាស់យើងត្រូវមានការយល់ដឹងឱ្យបានច្បាស់លាស់ពីក្របខ័ណ្ឌគតិយុត្ត សមត្ថកិច្ច និងតួនាទីភារកិច្ចរបស់ខ្លួន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)





