ឯកឧត្តម លី ធុជ៖ ការបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តតាមកិច្ចការអាទិភាព
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តតាមកិច្ចការអាទិភាព ដោយផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនេះ ឯកឧត្តម Shaharuddin Onn បានថ្លែងថា ថ្មីៗនេះ ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ តាងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន និងជាមិត្តភ័កត្តិល្អរបស់កម្ពុជា និងប្រទេសថៃ ម៉ាឡេស៊ី បានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងចិន ហើយម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យបទឈប់បាញ់នេះទទួលបាននិរន្តភាព និងសុខសន្តិភាពរវាងកម្ពុជា-ថៃ។ កន្លងមកនេះ ខ្ញុំក៏សូមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោស សម្អាតមីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ា នាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់ថា ការបោសសម្អាតមីន គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ដើម្បីផ្តល់ដីប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានដើរតួនាទីយ៉ាងសំខាន់ខិតខំសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ហើយខ្ញុំក៏សូមអរគុណដល់បណ្តាក្រុមហ៊ុននានា របស់ម៉ាឡេស៊ី ដែលបានចូលរួមគាំទ្រដល់កិច្ចការសកម្មភាពមីន នាពេលកន្លងមក ក្នុងនោះរួម អង្គភាព Khmer Times សភាពាណិជ្ជកម្មម៉ាឡេ ស៊ីប្រចាំកម្ពុជា (MBCC) និងធនាគារ MayBankជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា បញ្ហាមីននៅកម្ពុជាមានភាពស្មុគស្មាញខ្លាំង ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់រងផលប៉ះពាល់ខ្ពស់ និងមានមីនក្រាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ធ្វើការបោសសម្អាត។ កម្ពុជា កំពុងបន្តការងារបោសសម្អាតមីននេះ តាមកិច្ចការអាទិភាពដែលបានកំណត់ ជាពិសេសផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ៕
ដោយ សួស សំរិត





