លើកពេលការប្រកួតកីឡាទូក ជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីខែកញ្ញា ទៅខែតុលាវិញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥--សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រកាសជូនដំណឹងដល់សមាគមក្លឹបកីឡាទូកទូទាំងប្រទេសស្តីពីការលើកពេលការប្រកួតកីឡាទូកង ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ពីខែកញ្ញា ទៅខែតុលា ឆ្នាំ២០២៥វិញ។

ឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះថា ការផ្លាស់ប្តូរកាលបរិច្ឆេទនេះ អាស្រ័យដោយយោងតាមតម្រូវការចាំបាច់របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានជម្រាបជូនឯកឧត្តម លោកជំទាវ ប្រធានសមាគមកីឡា ប្រណាំងទូក តាមបណ្តាក្រសួង រាជធានី-ខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា សហព័ន្ធបានលើកការប្រកួតកីឡាទូកង ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា លើកទី២ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង សហព័ន្ធស្នើសុំលើកកាលបរិច្ឆេទទៅរៀបចំការប្រកួតពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៥ វិញ។


គួរបញ្ជាក់ថា សហព័ន្ធបានកំណត់នូវប្រភេទកីឡាទូកចំនួន៤ធំៗ និងបែងចែកជាវិញ្ញាសានីមួយៗ រួមមាន៖ ១.ទូកប្រពៃណី ទូក “ង” ខ្នាតអន្តរជាតិ ចំណុះ២២នាក់ (ទូកឈើ) មាន១វិញ្ញាសា ៨០០ម៉ែត្រ (បុរស) ដោយគណៈកម្មការកំណត់យកត្រឹម៣០ក្រុមប៉ុណ្ណោះ ហើយកីឡាករក្នុង១ក្រុម២២នាក់ និងបម្រុង២នាក់ សរុប២៤នាក់(មិនកំណត់ប្រវែងទូក)។ ២.ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” មានវិញ្ញាសា ៨០០ម៉ែត្រ បុរស-នារី វិញ្ញាសា ២០០ម៉ែត្រ បុរស-នារី ចំណុះ១២នាក់ដូចគ្នា ដោយក្នុង១សមាគមមានសិទ្ធិចុះឈ្មោះផ្នែកបុរស បានត្រឹម១វិញ្ញាសាប៉ុណ្ណោះ ខណៈផ្នែកនារីមានសិទ្ធិចុះឈ្មោះបានទាំង២វិញ្ញាសា។ ៣.ទូកផ្កាចារអន្តរជាតិ មានវិញ្ញាសា ២០០ម៉ែត្រចំណុះ៥នាក់ បុរស-នារី។ ៤.ប្រភេទទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង មានវិញ្ញាសាដូចជា ទូកកានូ ២០០ម៉ែត្រ C1 បុរស-នារី, ទូកកាយ៉ាក់ មានវិញ្ញាសា ២០០ម៉ែត្រ K1 បុរស-នារី និងទូករ៉ូអ៊ីងមានវិញ្ញាសា ៨០០ម៉ែត្រ 1X បុរស-នារី៕
ដោយ ហេង ណាលីន





