អភិបាលស្រុកស្ទោងអំពាវនាវដល់ពលរដ្ឋមូលដ្ឋានចូលរួមដាំដើមឈើដើម្បីសោភ័ណភាព បរិស្ថាន និងឆ្លើយតបកំណើនបរិយាកាសសកល
AKP កំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវពលរដ្ឋមូលដ្ឋានចូលរួមដាំដើមឈើដើម្បីសោភ័ណភាព បរិស្ថាន និងឆ្លើយតបកំណើនបរិយាកាសសកល។ លោកអភិបាលស្រុកបានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោក សហការី កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានអញ្ជើញដាំកូនឈើក្ងោកនៅស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្រោយពីដាំដើមឈើរួចរាល់ជាស្ថាពរ វាគឺជាផ្នែកមួយបន្ថែមទៀតក្នុងការលើកកម្ពស់សោភ័ណភាពស្រុកស្ទោង និងចូលរួមទាក់ទាញភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់ខឿនសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ ហើយប្រជាពលរដ្ឋអាចដាំដើមឈើ តាមភូមិឋានរបស់ខ្លួនជាលក្ខណៈគ្រួសារ ជាឈើហូបផ្លែ ជាឈើយកម្លប់ ឈើប្រណីតជាដើម និងនៅតាមទីសាធារណៈនានា ក៏ដូចជាសាលារៀន ឬវត្តអារាម និងទីទួលបុរាណដ្ឋានផ្សេងៗផងដែរ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតដល់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តែងតែណែនាំចង្អុលបង្ហាញលើការលើកកម្ពស់ ការអភិវឌ្ឍស្រុកស្ទោងទាំងមូលក៏ដូចជាការរៀបចំសោភ័ណភាព បរិស្ថាន ជាពិសេសការបំពាក់សូឡាបំភ្លឺផ្លូវ និងដាំដើមក្ងោកជាច្រើនពាន់ដើមយ៉ាងស្រស់បំព្រងនៅតាមដងផ្លូវជាតិលេខ៦ ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់តភ្ជាប់ពីទីរួមខេត្តកំពង់ធំទៅសៀមរាប ហើយជាផ្លូវសេដ្ឋកិច្ចនិងទេសចរណ៍ដ៏សំខាន់។

សូមបញ្ជាក់ថា ការដាំដើមក្ងោកនៅព្រឹកនេះមានចម្ងាយប្រវែងជាង៤គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តឃុំកំពង់ចិនជើង។ ជារួមរដ្ឋបាលស្រុកស្ទោងគ្រោងដាំដើមក្ងោកលាតសន្ធឹងតាមបណ្ដោយផ្លូវជាតិលេខ៦ ប្រវែងជិត៤០គីឡូម៉ែត្រ ពីព្រំប្រទល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប៕

ដោយ ស៊ុម វណ្ណា





