គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាខេត្តព្រះសីហនុបើកកិច្ចព្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥--លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់គណ:កម្មាធិការពិគ្រោះយើបល់កិច្ចការស្ត្រី និងកុមារ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុង-ស្រុក- មន្ទីរ អង្គភាព និងអង្គការដៃគូពាក់ព័ន្ធ។

កិច្ចប្រជុំសាមញ្ញលើកទី១៣របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ អាណត្តិទី៤ មានរបៀបវារៈដូចជា៖ ១. ប្រសាសន៍បើកកិច្ចប្រជុំ ២. ពិនិត្យកូរ៉ុម ប្រធានបទ ៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ ៤. ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២របស់គ.ក.ស.ក ខេត្តអាណត្តិទី៤ ៥. របាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខត្តព្រះសីហនុ ៦. ពិនិត្យ ពិភាក្សា និងអនុម័តប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុអាណត្តិទី៤ (គិតពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦) ៧. របាយការណ៍អំពីស្ថានភាពបញ្ហាប្រឈម ដំណោះស្រាយឆ្លើយតបករណី និងសំណូមពរដែលពាក់ព័ន្ធនឹងបញ្ហារបស់ស្ត្រី និងកុមារតាមមន្ទីរវិស័យ អង្គការដៃគូរ និងនៅតាមក្រុង ស្រុក និង ៨. បញ្ហាផ្សេងៗ។

ក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បានថ្លែងអំណគុណចំពោះមន្ទីរ អង្គភាព និងអង្គការដៃគូរទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារ ភារកិច្ចរបស់ខ្លួនបានល្អ ឆ្លើយតបបានទាន់ពេលវេលា ជាពិសេសប្រធានគ.ក.ស.កក្រុង-ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក និងអង្គការដៃគូទាំងអស់ដែលបានយកចិត្តទុកដាក់ដោះស្រាយអស់លទ្ធភាព និងសូមជំរុញដល់អាជ្ញាធរមូលដ្ឋានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែមានប្រសិទ្ធភាព និងលើកយកបញ្ហាប្រឈម ដើម្បីចូលរួមដោះស្រាយនៅក្នុងក្រុមប្រឹក្សាក្រុង-ស្រុករបស់ខ្លួនជាមុនសិន មុននឹងលើកយកករណីមកដោះស្រាយបន្ថែមនៅ គ.ក.ស.ក ខេត្ត។

លោកជំទាវប្រធានក៏បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះលោក លោកស្រី សមាជិក សមាជិកា គ.ក.ស.ក ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត គ.ក.ស.ក ក្រុង-ស្រុក និងអង្គការដៃគូទាំងអស់បានចូលរួមក្នុងការផ្តល់ជាមតិយោបល់ល្អៗក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយនឹងការលើកឡើងអំពីលទ្ធផលការងារ និងបានចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងកិច្ចប្រជុំ ពិភាក្សារកដំណោះស្រាយបានយ៉ាងរលូន។ ទន្ទឹមនោះ យើងត្រូវរៀបចំវេទិកាផ្សព្វផ្សាយយុទ្ធនាការគ្រួសាររឹងមាំ ចលនាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្រីក្រ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ជនមានពិការភាព កុមារអនាថា និងជនងាយរងគ្រោះជាដើម៕

ដោយ ងូ សុមុនី





