អភិបាលរងខេត្តបន្ទាយមានជ័យចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋក្នុងស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥--លោក កែ សួនសុភាព អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួកកាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានចុះពិនិត្យ សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនដល់កងកម្លាំង អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រចាំការទប់ស្កាត់ការឈ្លានពានរាយបន្លាលួសពីសំណាក់ទាហានសៀម នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក។

ក្នុងឱកាសនោះ លោក កែ សួនសុភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនកងកម្លាំង និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានរាយបន្លាលួសរបស់ទាហានសៀម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកអភិបាលរងបានសង្កត់ធ្ងន់ថា «ការប្តេជ្ញាចិត្តរបស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ។ សូមបងប្អូនរក្សាបាននូវស្មារតីសាមគ្គីភាព និងសហការគ្នាឲ្យបានល្អ ដើម្បីធានាសុវត្ថិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ព្រំដែន»។

សូមជម្រាបជូនថា អំណោយដែលបាននាំយកទៅជូននាពេលនោះរួមមាន កាហ្វេចំនួន១២កញ្ចប់ សាច់ផាត់ចំនួន២០កញ្ចប់ សាច់ក្រកចំនួន០៤គីឡូក្រាម ឃីតនំចំនួន២០កញ្ចប់ ស្ព្រេយ៍បាញ់មូស ចំនួន០៥ប្រអប់ (ស្មើនឹង៦០ដប) តង់ចំនួន២។

ការចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលរងខេត្ត គឺជាការលើកទឹកចិត្តដ៏ធំធេងដល់កងកម្លាំង និងប្រជាពលរដ្ឋដែលកំពុងប្រឈមមុខនឹងស្ថានភាពលំបាកនៅតាមបណ្តោយព្រំដែន។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តចំពោះសុវត្ថិភាព និងបូរណភាពទឹកដីកម្ពុជា៕
ដោយ ឈុន សារ៉ាត





