ឯកឧត្តម សុខ លូ ទទួលថវិកាពីលោក ឧត្តមសេនីយ៍ ហែម វុទ្ធី ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
AKP ភ្នំពញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងលោកជំទាវព្រមទាំងសហការីដែល បានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០រៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ឯកឧត្តមអភិបាលខេត្តបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។

សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងរង់ចាំទទួលអំណាយមនុស្សធម៌របស់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ឬវេរចូលគណនីធនាគារ របស់សាខាកាកបាទក្រហមកម្ពុជា CAMBODIAN RED CROSS BTB មានដូចខាងក្រោម៖ ធនាគារ ABA គណនីប្រាក់ដុល្លារលេខ៖ 003585971 (USD) និងគណនីប្រាក់រៀលលេខ 003585989 (KHR)៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





