កម្ពុជា និងចិន បើកការសម្ដែងសិល្បៈរួមគ្នាក្រោមប្រធានបទ «ស្លាបនៃសន្តិភាព»
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥--កម្មវិធី “ស្លាបសន្តិភាព” គឺជាការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌល កម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន នារាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ ។ កម្មវិធីនេះក៏បានទាក់ទាញមន្ត្រីរាជការ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ មកពីសាលាចិន វិទ្យាស្ថានខុងជឺ និងសមាជិកសភាពាណិជ្ជកម្មចិន រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និង ចិន សរុបជាង ២០០នាក់ ឱ្យរួម គ្នាអបអរ កម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះផងដែរ។

សម្រាប់ឆ្នាំនេះគឺជាខួបលើកទី ៨០ នៃជ័យជម្នះសង្គ្រាម ប្រឆាំងហ្វាស៊ីសនិយមពិភពលោក ក៏ដូចជាខួបលើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរ បានប្រើប្រាស់ទម្រង់ នៃ ការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាព ពង្រឹងចំណងមិត្តភាព រវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះ នៃសាធារណៈមតិ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។

ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានថ្លែងថា ឆ្នាំនេះជាខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាង ប្រទេសទាំងពីរ មានភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែង ហើយ មនោសញ្ចេតនា រវាងប្រជាជនក៏មានភាព ស៊ីជម្រៅ។ ឯកឧត្ដមបានលើកឡើងថា វប្បធម៌ និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជនប្រទេសទាំងពីររួមគ្នាការពារផងដែរ។

ឯកឧត្ដមប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានកត់សម្គាល់ឃើញថា ឆ្នាំនេះជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូត កម្ពុជា-ចិន ដែល ក្នុងឆ្នាំពិសេសនេះ យើងបានរៀបចំកម្មវិធីសិល្បៈសន្តិភាព កម្ពុជា-ចិន ដែលមានចំណងជើងថា “ស្លាបសន្តិ ភាព” ដើម្បីបញ្ជាបជំនឿលើសន្តិភាព និងលើកកំពស់ស្មារតីប្រឆាំងសង្គ្រាមតាមរយៈ សិល្បៈ។ ឯកឧត្ដមអះអាងថា នេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពជ្រាលជ្រៅរវាងកម្ពុជា និងចិន ព្រមទាំងជាសេចក្តីប្រកាសដ៏ឱឡារិក នៃប្រជាជនប្រទេសទាំងពីរក្នុងការប្តេជ្ញាចិនត្តរួមគ្នាការពារតម្លៃសន្តិភាពផងដែរ។ ឯកឧត្ដមបានឱ្យដឹងទៀតថា កម្ពុជា និងចិន គឺជាមិត្តល្អ ដៃគូល្អ និងជាបងប្អូនដ៏ជិតស្និទ្ធ ហើយក្នុងរយៈពេល៦៧ឆ្នាំ កន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរឹងមាំឡើង ការសហការទទួលបានលទ្ធ ផលផ្លែផ្កា និងអារម្មណ៍រាប់អានរវាងប្រជាជនកាន់តែស្និទ្ធស្នាល។

ឯកឧត្ដម ឯក សំអុល បានលើកឡើងផងដែរថា ក្នុងនាមជាសមាគមមិត្តភាពកម្ពុជា-ចិន យើងតែងតែយកការជំរុញការទំនាក់ទំនង ទំនុកចិត្តគ្នារវាងប្រជាជនប្រទេសទាំងពីរ និងប្រឹងប្រែងស្ថាបនាស្ពានមិត្តភាព និងស្ពានកិច្ចសហប្រតិបត្តិការ ជាទំនួលខុសត្រូវរបស់ខ្លួន។ លើសពីនេះទៀត វប្បធម៌ និងសិល្បៈ គឺជាសម្ព័ន្ធដែលអាចឆ្លងព្រំដែន និង ភាសា ធ្វើឱ្យចិត្តគំនិតរបស់ប្រជាជនទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នា។ ឯកឧត្ដមបានបន្ថែមថា កម្មវិធីសិល្បៈយប់នេះ មិនត្រឹមតែជាសំឡេងរួមគ្នារបស់ប្រជាជនទាំងពីរដើម្បីសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីប្រាថ្នាដ៏ស្មោះត្រង់របស់យុវជនចំពោះអនាគតដ៏ស្រស់បំព្រង និងរុងរឿង។

ជាមួយគ្នានេះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍នារាត្រីដ៏សែនមនោរម្យនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា និងចិន ពិសេសតាមរយៈកិច្ចសហការដ៏ល្អ និងការសម្របសម្រួលរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងសមាគមមិត្តភាពកម្ពុជា-ចិន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង និងជាការរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ ផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ព្រឹត្តិការណ៍នេះ ក៏ចូលរួមគាំទ្រដល់យុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពី ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម ហ្ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជម្រាបជូនផងដែរថា យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» គឺជាលទ្ធផលប្រវត្តិសាស្រ្តនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ បានកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» បន្តពីឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន»។

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងផងដែរថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យ ទេសចរណ៍ ។ ប្រជាជនកម្ពុជាស្រឡាញ់ និង ការពារសន្តិភាព និងឱ្យតម្លៃកាលានុវត្តភាព អភិវឌ្ឍន៍ ដែលនាំមកដោយសន្តិភាព ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាព មេត្រីភាព និង មានភាពទាក់ទាញ ហើយប្រទេសកម្ពុជាត្រដាង “ស្លាប សន្តិភាព ” អញ្ជើញ មិត្តភក្តិ ចិន កាន់តែច្រើន មកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងឱ្យដឹងទៀតថា ជាការពិត, សុខសន្តិភាព ធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាបន្តបន្ទាប់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ, បានចាត់ទុកជា «មាសបៃតង» របស់កម្ពុជា។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ក៏បានសង្កត់ធ្ងន់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យ ទេសចរណ៍ ជាវិស័យអាទិភាពដោយ «បន្តលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តគោលនយោបាយ និងផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»។

ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្ដមសូមស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត ហើយរង់ចាំភ្ញៀវទេសចរចិន ដែលក្នុងចិត្តពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏សូមបើក «ស្លាបសន្តិភាព» ហោះហើរមកទស្សនាកម្ពុជា និងទទួលយកបទពិសោធន៍ពីភាពអច្ឆិរយ និងភាពស្រស់ស្អាតដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផ្តល់ជូន។

ក្នុងឱកាសនោះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ជឿជាក់ថា រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិន គឺជាការបង្ហាញយ៉ាងរស់រវើកនៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ «ស្លាបសន្តិភាព»៕
ដោយ៖ រិទ្ធី





