ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំរុញពង្រឹងការយាមល្បាតប្រចាំការ២៤ម៉ោង និងត្រៀមកម្លាំងអន្តរាគមន៍ជានិច្ច
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានជំរុញដល់កងម្លាំងនគរបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ដោយត្រូវពង្រឹងការយាមល្បាតប្រចាំការ២៤ម៉ោង និងត្រៀមកម្លាំងអន្តរាគមន៍ជានិច្ច ដើម្បីបង្ក្រាបបទល្មើសគ្រប់រូបភាព និងដោះស្រាយគ្រោះធម្មជាតិ គ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុនោះ។

ការដាក់បទបញ្ជាជំរុញបែបនេះ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា និងត្រីមាសទី៣ ឆ្នាំ២០២៥ ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីកម្លាំងនគរបាលទូទាំងខេត្ត សំដៅធានាបាននូវសុវត្ថិភាពសន្តិសុខឱ្យកាន់តែល្អប្រសើរថែមទៀតជូនប្រជាពលរដ្ឋនោះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការការងារចាំបាច់នានា ដើម្បីឱ្យកងកម្លាំងយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការការងារយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការផ្ដល់សេវាសាធារណៈ ត្រូវបន្តខិតខំពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវបន្តជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមកធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា។ បង្ការ និងបង្ក្រាបបទល្មើស បង្កើនការស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។ ប្រមូលព័ត៌មាន បង្កើនការក្តាប់ និងប្រមូលព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ដើម្បីចាត់វិធានការតាមច្បាប់។ គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងជនបរទេសត្រូវ ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅអចិន្ត្រៃយ៍ និងបណ្ដោះអាសន្ននៅតាមក្រុង/ស្រុក។

ទន្ទឹមនឹងនេះ លោកស្នងការបានសង្កត់ធ្ងន់ថា ការអនុវត្តផែនការទាំងនេះ គឺដើម្បីធានានូវសុវត្ថិភាព សុខសាន្តរបស់ប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរនៅក្នុងខេត្តបន្ទាយមានជ័យ៕

ដោយ ឈុន សារ៉ាត





