អ្នកនាំពាក្យក្រសួងការបរទេស៖ ICRCចុះសួរសុខទុក្ខយោធិនកម្ពុជាទាំង១៨រូប ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកតម្លាភាព និងការគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៥--ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការចុះសួរសុខទុក្ខរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដែលនឹងជួយធានាថា សិទ្ធិជាមូលដ្ឋាន និងភាពថ្លៃថ្នូរនៃយោធិនកម្ពុជាទាំង១៨រូបត្រូវបានគោរពស្របតាមការកំណត់របស់អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាម៉ោង១១ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា «កម្ពុជាចាត់ទុកការចុះសួរសុខទុកនេះ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកតម្លាភាពនិងការគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ក៏ប៉ុន្តែនៅបន្តរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់ថា ការបន្តឃុំឃាំងយោធិនកម្ពុជាទាំង១៨រូបដែលបានចាប់ខ្លួនក្នុងពេលកំពុងអនុវត្តបទឈប់បាញ់គឺបានបង្កឡើងនូវការព្រួយបារម្ភទាំងផ្នែកច្បាប់ ទាំងផ្នែកសីលធម៌»។
ចំពោះការលើកឡើងរបស់ប្រទេសថៃដែលថា កងយោធិនរបស់កម្ពុជានឹងត្រូវបានដោះលែងនិងធ្វើមាតុភូមិនិវត្តន៍ភ្លាមនៅពេលដែលអរិភាពរវាងប្រទេសទាំងពីរត្រូវបានបញ្ចប់ដូចដែលបានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃ កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់ខ្លួន សូមឱ្យធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌចំពោះយោធិនកម្ពុជាទាំង១៨រូបនេះ ហើយទាមទារឱ្យប្រទេសថៃផ្ដល់អាទិភាពចំពោះកិច្ចសន្ទនាដោយសុទ្ធចិត្ត ហើយនឹងកាត់បន្ថយភាពតានតឹងក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ៕
ដោយ៖ គង់ សិរីរ័ត្ន





