ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាជនភៀសសឹកមកពីតំបន់នានាតាមបណ្តោយព្រំដែនចំនួន ៣៧៤គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗជូនប្រជាជនភៀសសឹក មកពីតំបន់នានាតាមបណ្តោយព្រំដែនចំនួន ៣៧៤គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តសុវណ្ណគិរី (ហៅវត្តឆែប) ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភាបានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជននៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តព្រះវិហារនេះ។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង ក៏ដូចជាយើងខ្ញុំទាំងអស់គ្នាពិតជាយល់ច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់ដែលកើតចេញពីការបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើន និងសហាវព្រៃផ្សៃបំផុតរបស់កងទ័ពថៃមកលើមាតុភូមិកម្ពុជាយើង។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ដែលស្តែងចេញតាមរយៈការសម្តែងនូវការគាំទ្រទាំងកម្លាំងកាយ ចិត្តនិងសម្ភារជួយដល់បងប្អូនដែលមានឈាមជ័រពូជពង្សតែមួយ គឺខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះវីរយុទ្ធជនដែលត្រូវជាសាច់ញាតិក្រុមគ្រួសារដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ប្រកបដោយភាពអង់អាចក្លាហានមោះមុតដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងបានអំពាវនាវឱ្យបងប្អូនយើងទាំងអស់គ្នាទាំងសមរភូមិមុខ និងសមរភូមិក្រោយ បន្តរួមគ្នាធ្វើពលីកម្មរែកពុន ប្រឹងប្រែង តស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីប្រែក្លាយទុក្ខលំបាកអស់ទាំងនេះ ជាកម្លាំងសាមគ្គី ឯកភាពជាតិដ៏រឹងមាំពួតដៃជុំវិញរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខការពារប្រទេសជាតិមាតុភូមិ៕


ដោយ៖ ជឹម ណារី





