ឯកឧត្ដម លី ណារុន អញ្ជើញចុះទៅស្រុកវាលវែង ដើម្បីសួរសុខទុក្ខជនភៀសសឹក និងពិនិត្យមើលវឌ្ឍនភាពការងារ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន កាលពីពេលថ្មីៗនេះ បានអញ្ជើញចុះទៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹកដែលមកពីព្រំដែនឃុំថ្មដា ជាលើកទី២ ចំនួន១៩៩គ្រួសារ មកស្នាក់នៅតំបន់សុវត្ថិភាពក្នុងវត្តប្រមោយ ទីរួមស្រុកវាលវែង និងពិនិត្យមើលវឌ្ឍនភាពការងារ។

ក្រុមការងារបានចុះពិនិត្យផ្ទាល់លើបង្គន់អនាម័យចំនួន១៦បន្ទប់ ដែលក្រសួងបានធ្វើផ្តល់ជូនសម្រាប់ជនភៀសសឹកប្រើប្រាស់តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដែលបង្គន់អនាម័យចំនួន១៦បន្ទប់នេះ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានសាងសង់រួចរាល់ និងប្រគល់ជូនបងប្អូនជនភៀសសឹកប្រើប្រាស់តាមតម្រូវការ។

យោងតាមតាមសំណើលោកអភិបាលស្រុកវាលវែង ឯកឧត្តមរដ្ឋលេខាធិការបន្តដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុកវាលវែង ចុះត្រួតពិនិត្យខ្សែផ្លូវយុទ្ធសាស្រ្តក្នុងការប្រើប្រាស់នៅតាមតំបន់ព្រំដែន១ខ្សែទៀត ដែលសព្វថ្ងៃនេះ ផ្លូវនេះមានការខូចខាតជាខ្លាំងពិបាកក្នុងការដឹកជញ្ជូនស្បៀង និងសម្ភារ ដោយខ្សែផ្លូវនេះតភ្ជាប់ពីភូមិសង្គមថ្មី ទៅភូមិចរ១ ក្នុងមូលដ្ឋានឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





