រដ្ឋបាលខេត្តកណ្តាលរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មាននៃការអនុវត្តចំណូលប្រចាំឆ្នាំ២០២៥ និងគ្រោងប៉ាន់ស្មានសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មាននៃការអនុវត្តចំណូលប្រចាំឆ្នាំ២០២៥ និងគ្រោងប៉ាន់ស្មានសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦រួចមក អង្គប្រជុំទាំងមូលបានរួមគ្នាពិនិត្យ ពិភាក្សា និងផ្ដល់មតិយោបល់ទៅលើការប៉ាន់ស្មាននៃការអនុវត្តចំណូលសម្រាប់មន្ទីរអង្គភាពនានា សំដៅធ្វើយ៉ាងណាឱ្យសមស្របទៅតាមលទ្ធភាពជាក់ស្តែងរបស់បណ្ដាមន្ទីរអង្គភាពនានាក្នុងខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារនេះគឺមានគោលបំណងជំរុញការផ្ដល់សេវាជូនអ្នកជាប់ពន្ធឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួល និងភាពជឿទុកចិត្តក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ សំដៅធ្វើឱ្យការងារប្រមូលពន្ធចូលរដ្ឋមានការកើនឡើង ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិក៏ដូចជាអភិវឌ្ឍក្នុងខេត្តកណ្ដាលលើគ្រប់វិស័យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រីពន្ធដារខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរកចំណូល ទាំងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ជាពិសេសត្រូវខិតខំប្រមូលពន្ធលើអចលនវត្ថុ ដោយចុះស្រង់ស្ថិតិឱ្យបានច្បាស់លាស់នៅតាមមូលដ្ឋាននានាក្នុងខេត្ត ដើម្បីកំណើនចំណូលពន្ធរបស់ខេត្តមានការកើនឡើងបន្ថែមទៀត។
សូមជម្រាបផងដែរថា ក្នុងកិច្ចពិភាក្សានោះដែរ អង្គប្រជុំបានផ្តោតសំខាន់ទៅលើការប្រមូលពន្ធ អចលនទ្រព្យ និងបង្កើននូវរាល់ចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ព្រមទាំងបានលើកនូវវិធានការក្នុងការប្រមូលពន្ធសម្រាប់ខេត្តកណ្តាល ឆ្នាំ២០២៦ផងដែរ ក្នុងនោះកិច្ចពិភាក្សាទាំងមូលបានសង្ឃឹមជឿជាក់ថា គម្រោងថវិកាសម្រាប់ឆ្នាំ២០២៦ដែលទទួលបានពីមកពីចំណូលពន្ធទាំងអស់មានការកើនឡើង ស្របតាមផែនការដែលបានគ្រោងទុក៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





