ឯកឧត្ដម ម៉េត មករា ជួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្សនៃព្រឹទ្ធសភា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីតួនាទី ភារកិច្ច និងលទ្ធផលការងាររបស់ក.ស.ជ. ជូនឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្គេត និងអធិការកិច្ចនៃព្រឹទ្ធសភា។

ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពង់ចំពោះវឌ្ឍនភាពការងារ ដែលក.ស.ជ. សម្រេចបានកន្លងមក ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិរបស់បងប្អូនជនពិការទប់ស្កាត់ កាត់បន្ថយការរើសអើងចំពោះជនពិការ មើលឃើញសមត្ថភាពរបស់ជនពិការជាជាងមើលឃើញភាពពិការរបស់គាត់។ ឯកឧត្ដមក៏បានធ្វើបទបង្ហាញ ការសិក្សាឈ្វេងយល់អំពីតួនាទី ភារកិច្ច ការពិភាក្សាចែករំលែកបទពិសោធន៍ និងទស្សនៈនានា សំដៅបង្កើនប្រសិទ្ធភាពការងារ។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ជីម លាវ លេខាធិការគណៈកម្មការ ឯកឧត្ដម លី សារី សមាជិកគណៈកម្មការ ឯកឧត្ដម គង់ មុនីកា សមាជិកគណៈកម្មការ និងសហការី និងថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការ សរុបចំនួន២៦រូប៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





