រដ្ឋបាលខេត្តកំពង់ស្ពឺទទួលអំណោយរបស់សប្បុរសជន ក្រុមហ៊ុន សហគ្រាស សម្រាប់ជូនវីរកងទ័ព និងជនភៀសសឹក
AKP កំពង់ស្ពឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលអំណោយជាសម្ភារ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និង ថវិកាពីក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី និងក្រុមហ៊ុន ស៊ីគ្លូ (ខេមបូឌា) ឯ.ក ក្រុមហ៊ុន ហ៊ុង ហ៊ីង មេធល មេនូហ្វេកធើរី (ខេមបូឌា) ឯ.ក ស៊ុន សុយ ស៊ីង អ៊ិនដាសស្រៀល (ខេមបូឌា) ឯ.ក សម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក នាព្រឹកថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណិតអភិបាលខេត្តបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសប្បុរសជន ក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា អ្នកឧកញ៉ា ដែលបានផ្តល់អំណោយមនុស្សធម៌រដ្ឋបាលខេត្តជាបន្តបន្ទាប់សម្រាប់យកទៅចែកជូនកងទ័ពជួរមុខ និងជនភៀសសឹក។សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមរភូមិក្រោយ គាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត រួមទាំងសប្បុរសជនទាំងអស់ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់វីរកងទ័ពទាំងអស់ និងបានសរសើរពីភាពអង់អាចក្លាហានប្រយុទ្ធតស៊ូជាមួយទាហានសៀមយ៉ាងអង់អាចក្លាហាន និងមិនចាញ់សត្រូវឈ្លានពានជាដាច់ខាត និងបានប្រឹងប្រែងពុះពារ ជម្នះក្នុងការឈ្លានពានរបស់កងទ័ពសៀមមកលើកម្ពុជា ដោយមិនខ្លាចការនឿយហត់ និងភ័យខ្លាចនោះឡើយ។


ឯកឧត្តមបានថ្លែងបញ្ជាក់ថា ចំពោះវីរកងកម្លាំង ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ ក្នុងនាមប្រជាជនខេត្តកំពង់ស្ពឺខ្ញុំសូមជូនពរដល់ក្រុមហ៊ុនសហគ្រាសសប្បុរសជនជួបប្រទះពុទ្ធពរ៤ប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ លឹម សាន្ត





