ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងតាមរយៈ ZOOM
AKP បាត់ដំបង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង តាមរយៈប្រព័ន្ធ ZOOM ដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត អភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលនឹងត្រូវបន្តប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។

គួរបញ្ជាក់ផងដែរ ការវិលត្រឡប់របស់បងប្អូនពលករខ្មែរមកស្រុកកំណើតវិញជាបន្តបន្ទាប់នេះ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាព។

រដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





