រដ្ឋបាលខេត្តតាកែវបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥
AKP តាកែវ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានអនុប្រធាមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០០ និងលោកមេប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង១០០ក្នុងខេត្តតាកែវផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ក់ ជីតូ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីជាកម្ពុជាប្រឈមនឹងការឈ្លានពាននៅជួរមុខក៏ដោយ ក៏កងកម្លាំងនគរបាលជាតិនៅជួរក្រោយ ត្រូវតែបន្តពង្រឹងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជួរមុខដែលជាកងទ័ពការពារបូរណភាពទឹកដី កំពុងតែត្រៀមប្រយុទ្ធ២៤ម៉ោងលើ២៤ម៉ោង ដូច្នេះជួរក្រោយដែលជាកម្លាំងនគរបាលជាតិត្រូវតែធ្វើឱ្យមានសន្តិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។ ការរក្សាសន្តិសុខផ្ទៃក្នុងគឺជាកាតព្វកិច្ចដ៏សំខាន់ដែលជួយឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយគ្មានក្ដីបារម្ភ។

ឯកឧត្តម ម៉ក់ ជីតូ ក៏បានណែនាំដល់លោកមេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ត្រូវពង្រឹងការល្បាត ដោយបង្កើនការល្បាតនៅតាមគោលដៅសំខាន់ៗ ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា ដើម្បីបង្ក្រាបបទល្មើសដូចជា៖ ចោរកម្ម ប្លន់ លួច គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតដែលបង្កឱ្យមានអសន្តិសុខដល់សង្គម។ សហការជាមួយប្រជាពលរដ្ឋ ដោយត្រូវបន្តកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យពួកគេចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសុវត្ថិភាពសហគមន៍។ ជាពិសេសត្រូវត្រៀមលក្ខណៈជានិច្ចដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន ឬបញ្ហាប្រឈមណាមួយដែលកើតឡើងនៅក្នុងសង្គម។ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃភាពសុខសាន្តរបស់សង្គម និងជាកត្តាចម្បងមួយដែលជួយឱ្យរាជរដ្ឋាភិបាលអាចដឹកនាំប្រទេសបានយ៉ាងរលូន។ ដូច្នេះកងកម្លាំងនគរបាលជាតិ ត្រូវចាត់ទុកការងារនេះជាការងារមានអាទិភាពខ្ពស់បំផុត និងអនុវត្តដោយមានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ល្អ ហើយអនុវត្តនូវគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕


ដោយ អ៊ុច សៀង





