លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខកុមារកម្សត់អាយុ១០ឆ្នាំ រងរបួសដោយគ្រាប់ផ្លោងថៃ
AKP សៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ បានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចុះសួរសុខទុក្ខ កុមារកម្សត់អាយុ១០ឆ្នាំ បានត្រូវរបួសខ្ទេចសាច់ និងបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងអ្នកជំងឺ និងក្រុមគ្រួសារមួយចំនួននៅអគារសង្គ្រោះបន្ទាន់សល្យសាស្ត្រនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។

វត្តមានរបស់លោកជំទាវបណ្ឌិត ស្ត្រីទី១នៃកម្ពុជា ពិតជាការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់យើងខ្ញុំទាំងអស់គ្នានិងកូនចៅប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ តាងនាមឱ្យយើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣- សៀមរាប) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រោសព្រំប្រទានពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យធំធេងថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ ឃុត សៅ





