ឯកឧត្តម ឌិត ទីណា នាំយកការសួរសុខទុក្ខ និងអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនកងទ័ពរងរបួសនៅមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខយ៉ាងកក់ក្ដៅចំពោះកងទ័ពវីរជនពីររូបដែលបានរងរបួសក្នុងពេលបំពេញបេសកកម្ម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងនាំយកជំនួយឧបត្ថម្ភមួយចំនួនទៅជូនដល់យុទ្ធជនទាំងពីររូប ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចំណែកសម្រាលការលំបាកក្នុងការព្យាបាល។

ក្នុងជំនួបដ៏ខ្លីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងជីវិតយ៉ាងខ្ពង់ខ្ពស់ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងបានបញ្ជាក់ថា រាល់ការលះបង់ទាំងអស់នេះគឺជាការរួមចំណែកដ៏មានតម្លៃបំផុតក្នុងការធានាសន្តិសុខ និងសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ជាការឆ្លើយតប យុទ្ធជនទាំងពីររូបក៏បានផ្ដាំផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីនូវពាក្យពេចន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់កងកម្លាំងជួរមុខ។ ជាមួយគ្នានេះ យុទ្ធជនទាំងពីរបានជូនពរឱ្យសម្ដេចទាំងពីរមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ឌិត ទីណា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកមង្គលបូរី ដែលបានយកចិត្តទុកដាក់ព្យាបាល និងផ្ដល់សេវាសុខភាពយ៉ាងល្អប្រសើរជូនដល់វីរកងទ័ព។ ឯកឧត្តមក៏បានជូនពរឱ្យយុទ្ធជនទាំងពីររូបឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនអាចត្រឡប់ទៅបំពេញភារកិច្ចនៅអង្គភាពវិញនាពេលឆាប់ៗ៕
ដោយ ឈុន សារ៉ាត





