រដ្ឋបាលរាជធានីភ្នំពេពេញបន្ដទទួលអំណោយពីសប្បុរសជន ដើម្បីយកទៅចែកជូនវីរកងទ័ពជូរមុខ និងជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តទទួលថវិកាពីសប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការ នៅរាជធានីភ្នំពេញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បានថវិកាចំនួនជាង១២០០លានរៀល និងជាង៣៧ម៉ឺនដុល្លារអាមេរិក ព្រមទាំងសម្ភារ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗ ជាច្រើនមុខទៀត ដើម្បីយកទៅជួយឧបត្ថម្ភដល់វីរកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលបានបង្ហាញពីទឹកចិត្តដ៏មុតស្រួចខាងសមរភូមិក្រោយ និងប្តូរផ្តាច់ជាមួយវីរកងទ័ពជួរមុខ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងបន្តទទួលការបរិច្ចាគ ដោយគិតត្រឹមថ្ងៃទី០៤ ខែសីហា ទទួលបានថវិកាសរុប ១.២៣៩.៨០១.១៨៩រៀល និង៣៧៥.៦៣២,០០ដុល្លារអាមេរិក ព្រមទាំងសម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗ ជាច្រើនមុខទៀត។

សូមបញ្ជាក់ថា មន្ដ្រី ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបនៅតែឈរបន្តរង់ចាំទទួលអំណោយពីសប្បុរសជននានា តាំងពីព្រលឹមរហូតដល់រាត្រី (ឈររង់ចាំទទួលមួយថ្ងៃពេញ) នៅសាលារាជធានីភ្នំពេញ។ ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូននឹងត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងទៅផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកភ្លាមៗជាច្រើនដងរួចមកហើយ នៅខេត្ដឧត្ដរមានជ័យ ខេត្ដព្រះវិហារ និងខេត្ដស្ទឹងត្រែង៕


ដោយ សួស សំរិត





