ក្រសួងការបរទេសកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានមកលើកម្ពុជាដោយក្រសួងការបរទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបដិសេធចំពោះការចោទប្រកាន់ដោយគ្មានការពិតរបស់ភាគីថៃ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ដែលធ្វើឡើងដោយក្រសួងការបរទេសថៃនៅក្នុងពេលដែលខ្លួនផ្តល់ព័ត៌មានជូនទៅដល់អង្គទូតបរទេសប្រចាំទីក្រុងបាងកក កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ។ ការបដិសេធរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃនេះ ធ្វើឡើងក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឆ្លើយតបទៅនឹងការចោទប្រកាន់មកលើកម្ពុជាពីសំណាក់ភាគីថៃ ឯកឧត្ដម ជុំ សន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបំភ្លឺដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគឺពុំមែនជាអ្នកចាប់ផ្តើមបង្កទំនាស់នេះនោះទេ តែផ្ទុយទៅវិញកម្ពុជាគឺបានប្រកាន់ខ្ជាប់ជានិច្ចនូវការអត់ធ្មត់ជាអតិបរមានៅចំពោះមុខនៃការបង្ករឿងខាងផ្នែកយោធារបស់ខាងភាគីថៃ។ ឯកឧត្តមអ្នកនាំពាក្យបានបន្តថា សភាពការណ៍តានតឹងនៅតាមបណ្តោយព្រំដែននៅពេលនេះគឺកើតចេញអំពីការទន្ទ្រានចូល ជាបន្តបន្ទាប់របស់ទាហានថៃមកក្នុងទឹកដីរបស់កម្ពុជា ដែលជាការរំលោភបំពានទៅលើកិច្ចព្រមព្រៀង ដែលមានស្រាប់ ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រួមនឹងច្បាប់អន្តរជាតិថែមទៀតផង ហើយចំពោះការលើកឡើងរបស់ខាងភាគីថៃអំពីស្វ័យការពារ គឺពុំមានមូលដ្ឋានដើម្បីសម្អាង សោះឡើយ។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រាន់តែបានធ្វើសកម្មភាពក្នុងការឆ្លើយតបដោយសមស្រប ដើម្បីជាការការពារនូវដែនអធិបតេយ្យភាពរបស់ខ្លួនបន្ទាប់ពីមានការទន្ទ្រានចូល រួមទាំងការបាញ់ផ្លោងដោយគ្មានហេតុផលរបស់ភាគីថៃតែប៉ុណ្ណោះ ហើយចំពោះការលើក ឡើងរបស់ភាគីថៃដែលថាកម្ពុជាបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះ វាគឺជាការប៉ុនប៉ងរបស់ថៃ នៅក្នុងការបង្វែងកំហុស និងគេចវេសពីការទទួលខុសត្រូវចំពោះការរំលោភបំពានរបស់ខ្លួនតែប៉ុណ្ណោះ ខណៈដែលការប្រព្រឹត្តិទៅរបស់ខាងភាគីកម្ពុជាគឺនៅតែស្របទៅតាមច្បាប់អន្តរជាតិ និងបណ្តាគោលការណ៍មនុស្សធម៌អន្តរជាតិ ដោយកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគឺពុំដែលយកប្រជាជនស៊ីវិលធ្វើជាគោលដៅដូចការលើកឡើងដោយខុសពីការពិតរបស់ភាគីថៃនោះទេ។ ឯកឧត្ដមបានអះអាងថា ពោលគឺកម្ពុជាគឺនៅតែមានការតាំងចិត្តគោរពនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយថាកម្ពុជានៅតែបន្តក្នុងការចូលរួមដោយសុទ្ធចិត្តនៅ ក្នុងការអនុវត្តដ៏ពេញលេញនូវកិច្ចព្រមព្រៀងនេះតាមរយៈយន្តការរបស់អាស៊ាន។
ឯកឧត្ដមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ផងដែរថា ក្នុងពេលជាមួយគ្នានេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការ បន្តបង្ករឿងដោយកងទ័ពរបស់ថៃ និងសូមទាមទារឱ្យភាគីថៃគោរពដោយពេញលេញនូវអធិបតេយ្យភាព និងបូរណភាពទឹកថៃរបស់កម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញរបស់អាស៊ាន រួមនឹងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ សូមឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការបង្ករឿងខាងផ្នែកយោធា រួមទាំងសកម្មភាពជាឯកតោភាគីដែលនាំទៅដល់គ្រោះថ្នាក់ សម្រាប់ប្រជាជនស៊ីវិល ជាពិសេសធ្វើឱ្យភាពតានតឹងមានការកើនឡើងថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្ដមអ្នកនាំពាក្យក៏បានស្នើឱ្យភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងការប្រកាសជាសាធារណៈនូវការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តដោយសុទ្ធចិត្តនូវកិច្ចព្រមព្រៀងឈប់បាញ់។ ទន្ទឹមនេះ សូមឱ្យចៀសវាងក្នុងការធ្វើឱ្យមានភាពតានតឹងកើតឡើងថែមទៀត រួមនឹងការផ្សាយព័ត៌មានមិនពិតដែលអាចគំរាមកំហែងទៅដល់សន្តិសុខដ៏ផុយស្រួយ រួមនឹងស្ថេរភាពនៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
ដោយ៖ ចាន់ សុភឿន





